ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល កាលពីថ្ងៃទី៣ ខែមីនា បានចេញបញ្ជាបន្ទាន់ឱ្យក្រុមហ៊ុនPTT កំណត់តម្លៃលក់រាយប្រេងឥន្ធនៈត្រឹម ២៩,៩៤ បាត ក្នុងមួយលីត្រ(ស្មើរនឹងជិត៣៧០០រៀល) សម្រាប់រយៈពេល ១៥ ថ្ងៃ ដោយចាប់ផ្តើមអនុវត្តភ្លាមៗ។ វិធានការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ចំពេលមានភាពមិនច្បាស់លាស់នៃតម្លៃថាមពលសកល ដែលបណ្តាលមកពីវិបត្តិជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
យោងតាមកាសែតខាវស៊ត គ្រប់ស្ថានីយប្រេងឥន្ធនៈ PTT ទាំងអស់នៅទូទាំងប្រទេស ត្រូវបានតម្រូវឱ្យលក់ក្នុងតម្លៃថេរនេះ ខណៈដែលរដ្ឋាភិបាលបានសម្រេចប្រើប្រាស់កញ្ចប់ថវិកាពី មូលនិធិប្រេងឥន្ធនៈ (Oil Fuel Fund) ដើម្បីជួយទប់លំនឹងតម្លៃ និងបង្ការការកើនឡើងថ្លៃទំនិញផ្សេងៗ។
គួរបញ្ជាក់ថា តម្លៃប្រេងបានហក់ឡើងខ្ពស់ភ្លាមៗ ដោយសារតំបន់ជម្លោះស្ថិតនៅក្បែរច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេង ២០% នៃពិភពលោក ដែលបង្ខំឱ្យប្រទេសដូចជា ថៃ និងបណ្តាប្រទេសដទៃទៀត ត្រូវប្រើប្រាស់កញ្ចប់ថវិកាបម្រុងដើម្បីទប់លំនឹងតម្លៃសាំងក្នុងស្រុក។
ក្នុងស្ថានភាពសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ានេះ តម្លៃប្រេងឆៅលើទីផ្សារពិភពលោកអាចហក់ឡើងចន្លោះពី ២០% ទៅ ៣០% ក្នុងរយៈពេលដ៏ខ្លី។