អាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិក (Pentagon) បានបញ្ជាក់អត្តសញ្ញាណទាហានបម្រុងចំនួន ៤ រូប ក្នុងចំណោម ៦ រូប ដែលបានពលីជីវិតក្នុងការវាយប្រហារដោយដ្រូនលើមជ្ឈមណ្ឌលបញ្ជាការដ្ឋានក្នុងកំពង់ផែ Shuaiba ប្រទេសគុយវ៉ែត។ ការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលបណ្ដាលឱ្យមានការវាយបកវិញតាមរយៈមីស៊ីល និងដ្រូនសំដៅលើអ៊ីស្រាអែល និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រអារ៉ាប់។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន PBS News។
យោងតាមប្រភពដដែល ទាហានដែលបានពលីរួមមាន វរសេនីយ៍ត្រី Cody Khork, អនុពលបាលឯក Noah Tietjens, អនុពលបាលឯក Nicole Amor និងពលបាលត្រី Declan Coady។ ពួកគេគឺជាសមាជិកនៃបញ្ជាការដ្ឋានភស្តុភារលេខ ១០៣ (103rd Sustainment Command) ដែលទទួលបន្ទុកផ្គត់ផ្គង់អាហារ ស្បៀង និងគ្រឿងយុទ្ធោបករណ៍ដល់កងទ័ព។
គិតត្រឹមថ្ងៃទី៣ ខែមីនា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៦ នាក់ ប៉ុន្តែអត្តសញ្ញាណទាហាន ២ រូបទៀតមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ការបាត់បង់នេះបានបន្សល់ទុកនូវការសោកស្តាយជាពន់ពេក ជាពិសេសលោកស្រី Nicole Amor ដែលជិតដល់ថ្ងៃត្រូវបញ្ចប់បេសកកម្មត្រឡប់ទៅជួបជុំស្វាមី និងកូនៗវិញទៅហើយ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្តែងការរំលែកទុក្ខ និងបានព្រមានថា ចំនួនអ្នកពលីអាចនឹងមានការកើនឡើងបន្ថែមទៀត។ ខណៈស្ថានការណ៍កំពុងឡើងកម្ដៅ រដ្ឋាភិបាលអាម៉េរិកបានជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីតំបន់មជ្ឈិមបូព៌ាជាបន្ទាន់ ដើម្បីសុវត្ថិភាព។