
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៥ ធ្នូនេះ បានប្រកាសថា ការប្រឡងបាក់ឌុបនៅថ្ងៃទី១១ មករា ឆ្នាំ២០២១ គឺមិនអាចធ្វើទៅរួចបានទេ ព្រោះព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់ចប់។ ការថ្លែងរបស់សម្តេចហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងក្នុងសេចក្តីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ នៅថ្ងៃនេះ។
សម្តេចបានពន្យល់ថា ព្រោះលទ្ធភាពនៃការប្រកាសបញ្ចប់«ព្រឹត្តិការណ៍សមហគមន៍២៨វិច្ឆិកា» មិនអាចបញ្ចប់នៅមុនថ្ងៃទី ១១ មករាបានទេ។ ព្រឹត្តិការណ៍នេះអាចនឹងចប់នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។ លទ្ធភាពនៃការវាយតម្លៃពិន្ទុឆមាសរបស់សិស្ស ដើម្បីដឹងថា ជាប់ឬធ្លាក់ និងជាភាពងាយស្រួលសម្រាប់សិស្សស្វែងរកសាកលវិទ្យាល័យ។
សម្តេចបានថ្លែងថា "សម្តេចតេជោណែនាំឱ្យពិចារណាយកជម្រើសទី៣ ព្រោះថា ថ្ងៃ១១ ខែមករា ឆ្នាំ២០២១ មិនទាន់អាច បញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅ ឡើយ។ ជម្រើសទី៣គឺ យកពិន្ទុឆមាសទី១ និង២ ដើម្បីវាយតម្លៃធ្លាក់ជាប់បាក់ឌុបជាតិ" ។
បើតាមសម្តេច បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំក្រុមការងារដើម្បីបូកពិន្ទុសិស្សថ្នាក់ទី១២ ហើយលទ្ធផលនេះ អាចនេះបានក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារពេលប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករាឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ៕