681 ezgif.com resize
Moneygramott moi1280x163px

លោក គាត ឈន់ ទទួលបានងារជា«សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»ពីព្រះមហាក្សត្រ ក្រោយចូលរួមជួយសេដ្ឋកិច្ចកម្ពុជាតាំងពី សម័យសង្គមរាស្ត្រនិយម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៣ មីនានេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារជូន លោក គាត ឈន់ ជា«សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។ ការចេញព្រះរាជក្រឹត្យនេះ ដោយព្រះមហាក្សត្រទ្រង់យល់ថា លោក គាត ឈន់ បានចូលរួមដង្ហែព្រះរាជកិច្ច និង ព្រះរាជតម្រិះ ព្រះបរមរតនកោដ្ឋ ក្នុងសម័យសង្គមរាស្ត្រនិយម រហូតដល់ឆ្នាំ ១៩៧៥ និងបានបន្តចូលរួមដង្ហែក្នុងការស្វែងរកសុខសន្តិភាព ជូនប្រជារាស្ត្រកម្ពុជា។

យោងតាមព្រះរាជក្រឹត្យព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានទ្រង់យល់ថា លោក គាត ឈន់ បានលះបង់កម្លាំងកាយ ចិត្តនិងប្រាជ្ញាស្មារតី ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ ២០១៣ ព្រមទាំងបានចូលរួមចំណែក ដឹកនាំពង្រឹងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាតិ ជួយលើកស្ទួយជីវភាពប្រជារាស្ត្របានល្អប្រសើរ រក្សាបាននូវឯករាជ្យជាតិ និង បូរណភាពទឹកដី ក្រោមកិច្ចដឹកនាំរបស់សម្តេច ហ៊ុន សែន។

បន្ថែមពីនេះ ព្រះអង្គទ្រង់យល់ថា លោក គាត ឈន់ ជាមន្ត្រីដែលមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សម្តេច គាត ឈន់ មានអាយុជាង៩០ឆ្នាំ គឺជាមន្ត្រីជំនាញផ្នែកសេដ្ឋកិច្ច និងជាមន្ត្រីជាន់ខ្ពស់តាំងពីសម័យសង្គមរាស្ត្រនិយម ហើយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០១៣។សម្តេចធ្លាប់ត្រូវបានឡើងឋានៈ ជា ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលងារជា «កិត្តិបរិរក្សបណ្ឌិត» ហើយចុងក្រោយនេះ ទទួលបានងារ«សម្តេចសេដ្ឋវិទូភក្តី»។

កន្លងទៅសម្តេច ហ៊ុន សែន ធ្លាប់បានថ្លែងសរសើរ សម្តេច គាត ឈន់ គឺមានជំនាញមួយ គឺការផ្ទេរចំណេះដឹង និង ចំណេះធ្វើទៅឲ្យអ្នកជំនាន់ក្រោយ ក្នុងនោះក៏មានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្នផងដែរ។សម្រាប់សម្តេច ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រី រយៈពេលជាង៣៨ឆ្នាំ សម្តេចមានមេផ្ទះដ៏ល្អ២រូបទី១ សម្តេច គាត ឈន់ និង ទី២ លោក អូន ពន្ធ័មុនីរ័ត្ន។សម្តេចចាត់ទុកថា ឥស្សរជនទាំងពីរនាក់នេះ គឺជាមេផ្ទះដ៏ល្អ មិនមែនជាស្រីកញ្ជើធ្លុះ តែជាមេផ្ទះចេះសន្សំ៕

Khcct banner

អត្ថបទទាក់ទង