ភ្នំពេញ៖ តាមរយៈការចុះត្រួតពិនិត្យលើកទី២របស់ក្រុមជំនាញ នៅថ្ងៃទី២ ខែមីនា បានពិនិត្យឃើញថា ករណីដួលសន្លប់ និងស្លាប់ នៅក្នុងខេត្តកណ្តាល គឺមិនមែនដោយសារការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមិនបានត្រឹមត្រូវនោះឡើយ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
លោក ស៊ុន មេសា បានបញ្ជាក់ថា តាមការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ក្រុមអធិការកិច្ចការងារពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការមិនមែនជាមូលហេតុដែលបណ្ដាលឱ្យកម្មករនិយោជិតដួលសន្លប់ឡើយ។
លោក ស៊ុន មេសា បន្តថា នៅព្រឹកថ្ងៃទី២ ខែមីនា បងប្អូនកម្មករនិយោជិតបានចូលធ្វើការជាធម្មតា ក្នុងនោះក្នុងចំណោមកម្មករនិយោជិតដែលបានដួសសន្លប់ ២០នាក់ មានកម្មករនិយោជិតចំនួន ១៨នាក់បានចូលធ្វើការជាធម្មតា ខណៈកម្មករ២រូបផ្សេងទៀត បានស្នើសុំច្បាប់ឈប់សម្រាក។ ដោយឡែក ក្រុមគ្រួសារសព ក៏បានទទួលអត្ថប្រយោជន៍ប្រាក់វិភាជន៍បូជាសពចំនួន ១០លានរៀលស្របតាមច្បាប់ ខណៈក្រុមជំនាញនៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) របស់ក្រសួងការងារ នៅថ្ងៃទី២ខែមីនា ឆ្នាំ២០២៦ កំពុងរៀបចំអង្កេតឧត្តរជីវី ដើម្បីផ្តល់អត្ថប្រយោជន៍ជូនគ្រួសារស្របតាមច្បាប់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។
លោកបន្ថែមទៀតថា ក្រុមការងារជំនាញបានពិនិត្យភ្លាមៗម្តងហើយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយក៏បានពិនិត្យនៅថ្ងៃទី២ ខែមីនាម្តងទៀត ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា ពីបញ្ហាដែលបានកើតឡើង។ ពេលនេះ កម្មករនិយោជិត បានចូលធ្វើការជាធម្មតា ហើយក្នុងចំណោមកម្មករនិយោជិតដែលបានដួសសន្លប់ ២០នាក់នោះ គឺមានកម្មករនិយោជិតចំនួន ១៨នាក់បានចូលធ្វើការជាធម្មតាវិញ។ តែយ៉ាងណា ក្រុមការងារជំនាញនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាព ដើម្បីចៀសវាងមានហេតុការណ៍ណាមួយកើតឡើងថែមទៀត។
គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានកម្មការិនីម្នាក់ឈ្មោះ យឹម រីន អាយុ៣៤ឆ្នាំ បានទទួលមរណភាព ដោយសារដាច់សរសៃឈាមខួរក្បាលនៅម៉ោង ៧ព្រឹក បន្ទាប់ពីបានមើលព័ត៌មានដ៏រន្ធត់ស្តីពីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យតក់ស្លុត ភិតភ័យរហូត ងងឹងមុខ និងបានដួលសន្លប់នៅកន្លែងធ្វើការ និងបានបាត់បង់ជីវិតនៅតាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ភ្លាមនោះៗ ក៏មានកម្មការិនី ២០នាក់ផ្សេងទៀតដែលជាមិត្តរួមការងារ ក៏បានសន្លប់បន្តបន្ទាប់គ្នា ក្រោយពីទទួលដំណឹងថា កម្មការិនី យឹម រីន បានទទួលមរណភាព។
ក្រោយមានហេតុការណ៍នៃការដួលសន្លប់នៅក្នុងរោងចក្រ ខេមបូ យូនីសូល ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានកើនឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញនៃក្រសួងការងារ បានទៅចុះត្រួតពិនិត្យភ្លាមៗម្តងរួចមកហើយ ដើម្បីពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ក្នុងការធានាពីសុវត្ថិភាពជូនកម្មករនិយោជិត៕