គុយវ៉ែត៖ ទីបញ្ជាការយោធាកណ្តាលសហរដ្ឋអាម៉េរិក នៅថ្ងៃទី ២ មីនានេះ បានចេញសារទទួលស្គាល់ពីការធ្លាក់ យន្តហោះចម្បាំង F-15 ចំនួន ៣គ្រឿង របស់សហរដ្ឋអាម៉េរិក ក្នុងប្រទេសគុយវ៉ែត ពេលចេញប្រតិបត្តិការវាយប្រហារប្រទេសអ៊ីរ៉ង់ ជាមួយអ៊ីស្រាអែល។ការចេញមុខបំភ្លឺនេះ ធ្វើឡើងក្រោយពីមានលេចធ្លាយវីដេអូ បង្ហាញអំពី សកម្មភាពយន្តហោះចម្បាំង F-15 របស់សហរដ្ឋអាម៉េរិក ធ្លាក់នៅជិតទីក្រុង នៃប្រទេសគុយវ៉ែត។
យោងតាមសេចក្តីបំភ្លឺនោះ ទីបញ្ជាការយោធាកណ្តាលសហរដ្ឋអាម៉េរិក គូសបញ្ជាក់ថា យន្តហោះចម្បាំង F-15 ចំនួន ៣គ្រឿង របស់សហរដ្ឋអាម៉េរិក ពិតជាបានធ្លាក់ពិតប្រាកដមែន ហើយការធ្លាក់នេះ គឺដោយសារតែឧបទ្ទវហេតុបាញ់គ្នាឯង ដោយអចេតនាពីប្រទេសគុយវ៉ែត។
តែយ៉ាងណា បើតាមទីបញ្ជាការយោធាកណ្តាលសហរដ្ឋអាម៉េរិក ការធ្លាក់យន្តហោះចម្បាំងនេះ មានអាកាសយានិកទាំង ៦រូប បានលោតចេញដោយសុវត្ថិភាព និង កំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ៕