ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងវប្បធម៌ កំពុងរៀបចំការប្រកួតបង្កើតវីដេអូអប់រំខ្នាតខ្លី “យុវជនដើម្បីសង្គម” ក្រោមប្រធានបទ “សីលធម៌ និងសេចក្តីថ្លៃថ្នូក្នុងសង្គម ផ្តើមចេញពីយើងទាំងអស់គ្នា”។កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យយុវជនបង្ហាញនូវគំនិតច្នៃប្រឌិត និងមានទំនួលខុសត្រូវនៅក្នុងការរស់នៅជាមួយគ្នានៅក្នុងសង្គមតែមួយ។
យោងតាមគេហទំព័រផ្លូវការនៃស៊ីណេហាប់ ប្រសិនបើបេក្ខជនទទួលបានជ័យលាភី បេក្ខជននឹងទទួលបានរង្វាន់ជាច្រើនដែលមានទាំងទឹកប្រាក់ និងពានរង្វាន់។ ក្នុងនោះ ចំពោះវីដេអូដែលជាប់លេខ១ នឹងទទួលបានពានរង្វាន់ថវិកា៤លានរៀល។ ចំពោះជ័យលាភីលេខ២ នឹងទទួលបានពានរង្វាន់ និងថវិកា៣លានរៀន។ ជ័យលាភីលេខ៣ នឹងទទួលបានពានរង្វាន់ និងថវិកា២លានរៀល។ មួយវិញទៀតចំពោះវីដេអូដែលទទួលបានការបោះឆ្នោតគាំទ្រច្រើននឹងទទួលបានពានរង្វាន់ និងថវិកា២លានរៀល។ ក្រៅពីជ័យលាភីទាំងនេះ អ្នករៀបចំក៏មានថវិកាលើកទឹកចិត្ត៤សែនរៀលផងដែរ។
បើតាមប្រភពដដែល កម្មវិធីកំណត់ឱ្យសាច់រឿងដែលដាក់ពាក្យប្រកួតត្រូវតែដឹកនាំដោយជនជាតិខ្មែរ ហើយវីដេអូដែលដាក់ប្រកួតត្រូវតែផលិតអំឡុងពេលខែមករា ដល់ខែមេសា ហើយវីដេអូត្រូវមានរយៈពេល៣ទៅ១០នាទី ដោយរាប់បញ្ចូលទាំង Ending Credit។វីដេអូក៏គួរតែមានចំណងជើងរងនិងអក្សររត់នៃពាក្យសន្ទនា(បើមាន) ហើយស្នាដៃភាពយន្តត្រូវស្របតាមស្តង់ដារ JPEG។ ជាមួយគ្នានេះ បេក្ខជនក៏ត្រូវត្រៀមនូវ ចំណងជើងរឿង និងសេចក្តីសង្ខេបពីរឿងពី៨ ទៅ១០បន្ទាត់ទាំងភាសាខ្មែរ និងភាសាអង់គ្លេស និងប្រភេទរឿងដើម្បីងាយស្រួលនៅពេលបំពេញពាក្យប្រកួត។ នៅក្នុងការដាក់ពាក្យកម្មវិធីក៏មានទាមទារនូវ សកម្មភាពនៃការផលិត ៤សន្លឹ្កក និងរូបថតអ្នកដឹកនាំរៀង ២សន្លឹក (Portrait) ហើយរូបទាំងអស់នេះត្រូវក្នុងស្តង់ដារ JPEG។
គួរបញ្ជាក់ផងដែរថា បេក្ខជនអាចដាក់ពាក្យតាមរយៈ តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦៕