ក្រសួងអប់រំ៖ ទិវាអំណានជាតិលើកទី១១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “សំណេរ និងអំណាន ក្នុងបរិបទថ្មី”។ ដើម្បីឆ្លើយតបទៅនឹងប្រធានបទនេះ ក្រសួងអប់រំបានលើកយកកម្មវិធីធំៗចំនួនបួនយកមកបញ្ចូលនៅក្នុងទិវាអំណានជាតិលើកទី១១ដែលរួមមាន ការថ្លែងបាឋកថាស្តីពី “ប្រវត្តិសាស្ត្រខ្មែរ” ពីសំណាកលោក ហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសូងអប់រំ។
បើតាមក្រសួងអប់រំ វេទិកាតុមូល មានការចូលរួមដោយវាគ្មិនពិសេសៗចំនួនបួនរូប។ ការប្រកួតប្រជែងតែងនិពន្ធប្រលោមលោកខ្នាតខ្លី “ខ្ញុំស្រលាញ់ភូមិខ្ញុំ” និងអត្ថបទឧស្សាហ៍កថា “ការបណ្តុះបណ្តាលមនសិការជាតិ” តាមរយៈវណ្ណកម្មរបស់លោកជុតខៃ។ ជាចុងក្រោយនឹងមានការតាំងពិព័រណ៍សៀវភៅរយៈពេល ៥ថ្ងៃពោលគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា ការចូលរួមកម្មិវិធីនេះមិនមានការគិតថ្លៃនោះឡើយ ដែលសិស្សានុសិស្ស យុវជន ឬ មហាជនទូទៅអាចចូលរួមបានដោយសេរី និងអាចទទួលបានដឹងដំណឹងផ្សេងៗពាក់ព័ន្ធនឹងការអាន បូកផ្សំជាមួយនឹងការដាក់បង្ហាញស្តង់ជាច្រើនពាក់ព័ន្ធនឹងការអាន៕