ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ បានចេញព្រះរាជសារអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលស្រី្តបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះ បានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
បើតាមព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ បានចូលរួម សម្តែងក្តីអបអរសាទរនៃការរំឭកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរី ភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រីនៅក្នុងសង្គម ដែលទាំងនេះគឺជាមូលដ្ឋាន និងជា យុទ្ធសាស្រ្តគន្លឹះមួយ នាំមកនូវការផ្តល់កាលានុវត្តភាពពេញលេញដល់ស្ត្រី និងក្មេងស្រី ដើម្បីចូលរួម និងទទួលភាគ ផលដោយស្មើភាពពីកិច្ចអភិវឌ្ឍ។
ប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅឆ្នាំនេះ ក្នុងគោលបំណង រំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងក្រុមគ្រួសារបាន រស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការរួម ចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះ បានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
សម្តេចម៉ែ គាំទ្រទាំងស្រុងលើយុទ្ធសាស្ត្រដែលបានដាក់ចេញនេះ ដើម្បីឱ្យស្ត្រីនិងក្មេងស្រីគ្រប់រូប កាន់តែទទួលបាននូវកាលានុវត្តភាពពេញលេញ ប្រកបដោយសមធម៌ សមភាព ក្នុងគ្រប់ទិដ្ឋភាព ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ការណ៍នេះបានធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវស្ថានភាព ឋានៈតួនាទី និងសុខមាលភាព របស់ស្ត្រីនិងក្មេងស្រី ក៏ដូចជាសង្គមគ្រួសារ ទាំងនៅក្នុងក្របខណ្ឌអភិបាលកិច្ច សេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងការ កសាង ថែរក្សាសន្តិភាព និងសន្តិសុខជាតិ៕