ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជសារអបអរសាទរ«ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី២៨ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។
យោងតាមព្រះរាជសារ បានបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់មួយដែលប្រជាជាតិកម្ពុជាតែងតែប្រារព្ធឡើង ជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ។ កេរដំណែលវប្បធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យ រហូតមកដល់សព្វថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំ នៃអត្តសញ្ញាណជាតិកម្ពុជា និងជាមធ្យោបាយឈ្នះដើម្បីការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិ បានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សា ព្រមទាំងអភិរក្សវប្បធម៌ជាតិ ជាពិសេសជាឱកាសជំរុញតួនាទីស្នូលដ៏សំខាន់របស់យុវជនបន្តវេន ជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិ ដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។
សូមឧទ្ទិសឱ្យ ទិវាវប្បធម៌ជាតិ ស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប ស្របតាម ទិសស្លោក «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»៕