ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃ១មីនា បានចេញសេចក្តីថ្លែងការណ៍តាមបណ្ដាញសង្គមហ្វេកផ្ទាល់ខ្លួន ធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។ លោកបានព្រមានថា ទង្វើនេះនឹងរុញច្រានតំបន់មជ្ឈិមបូព៌ាឱ្យធ្លាក់ក្នុងអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ និងបង្កើតនូវគំរូដ៏គ្រោះថ្នាក់មួយដោយរំលោភលើគោលការណ៍ច្បាប់អន្តរជាតិ។ លោកបានសម្តែងការរំលែកទុក្ខដល់ពលរដ្ឋអ៊ីរ៉ង់សម្រាប់សោកនាដកម្មនេះ ព្រមទាំងបានអំពាវនាវឱ្យអាជ្ញាធរអ៊ីរ៉ង់រក្សាភាពអត់ធ្មត់ជាទីបំផុត ដើម្បីបញ្ចៀសការរីកសាយភាយនៃជម្លោះ។
ជាមួយគ្នានេះ លោក Anwar បានបញ្ជាក់ថា អាទិភាពចម្បងរបស់រដ្ឋាភិបាលម៉ាឡេស៊ី គឺសុវត្ថិភាពរបស់ពលរដ្ឋខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយលោកក៏កំពុងវាយតម្លៃជាបន្ទាន់នូវផលប៉ះពាល់សេដ្ឋកិច្ច ជាពិសេសសន្តិសុខថាមពល និងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ ជាចុងក្រោយ លោកបានអំពាវនាវភាគីទាំងអស់ឈប់បាញ់ជាបន្ទាន់ និងងាកមករកការដោះស្រាយតាមផ្លូវការទូតវិញ ព្រោះលោកជឿថាវិបត្តិនេះមិនអាចដោះស្រាយបានតាមរយៈការប្រើកម្លាំងបានឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសបញ្ជាក់ពីមរណភាពរបស់មេដឹកនាំអ៊ីរ៉ង់តាមរយៈបណ្តាញសង្គម Truth Socialកាលពីថ្ងៃ១មីនា ហើយនៅថ្ងៃដដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានចេញមុខ បញ្ជាក់ជាផ្លូវការ អំពីមរណភាពរបស់លោក ខាមេនី ព្រមទាំងសមាជិកគ្រួសារមួយចំនួនទៀត និងបានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល ៤០ ថ្ងៃ។
ព្រឹត្តិការណ៍នេះបានធ្វើឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងខ្លាំង ខណៈដែលអ៊ីរ៉ង់បានចាប់ផ្តើមធ្វើការសងសឹកតាមរយៈការបាញ់មីស៊ីលទៅលើគោលដៅនានារបស់អ៊ីស្រាអែល និងមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់។