681 ezgif.com resize
Swift cc time

ប្រមុខការទូតចិនជំរុញឱ្យអន្តរជាតិរួមគ្នាប្រឆាំង«ច្បាប់ព្រៃ»ខណៈរុស្ស៊ីប្តេជ្ញារួមគ្នាជាមួយចិនលើបញ្ហាតំបន់​ដើម​បូព៌ា​

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ប្រមុខការទូតចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី ១ មីនានេះ បានហៅទូរស័ព្ទរកគ្នា ដើម្បីពិភាក្សាបន្ទាន់មួយស្តីពីការវាយប្រហាររបស់អាម៉េរិក និងអ៉ីស្រាអែល លើប្រទេសអ៉ីរ៉ង់។អ៉ីរ៉ង់ដែលគេស្គាល់ថា គឺជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី និងចិន។ក្នុងកិច្ចពិភាក្សាតាមរយៈខ្សែទូរស័ព្ទនេះ ប្រមុខការទូតចិនបានប្រកាសជំហរ ជំរុញឱ្យអន្តរជាតិរួមគ្នាប្រឆាំង «ច្បាប់ព្រៃ» ខណៈរុស្ស៊ីប្តេជ្ញារួមគ្នាជាមួយចិនលើបញ្ហាតំបន់​ដើម​បូព៌ា​។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន CCTV លោក វ៉ាង យី បានថ្លែងប្រាប់លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ពីជំហររបស់មហាអំណាចចិន មិនអាចទទួលយកបានទេ ដែលអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ ខណៈដែលការចរចារវាងអ៊ីរ៉ង់ និង អាម៉េរិក កំពុងបន្ត។ចិនបានហៅការវាយប្រហារនេះ និងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ​អាយ៉ាតូឡា អាលី ខាមេណី គឺកាន់តែមិនអាចទទួលយកបាន ដែលជាសកម្មភាពរំលោភលើច្បាប់អន្តរជាតិ និង បទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។

ចំពោះសង្គ្រាមនៅអ៊ីរ៉ង់នេះ លោកប្រមុខការទូតចិន វ៉ាង យី បានប្រកាសពីជំហររបស់ចិនជំរុញបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា ទប់ស្កាត់ការរីករាលដាល និងការហៀរចេញនៃសង្រ្គាម ហើយវិលត្រឡប់ទៅរកការសន្ទនា និង ការចរចាឱ្យបានឆាប់រហ័ស។លោកថា ចិនប្រឆាំងរួមគ្នាចំពោះសកម្មភាពឯកតោភាគី ធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសន្តិភាពដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ ហើយសហគមន៍អន្តរជាតិ គួរតែផ្ញើសារច្បាស់លាស់ប្រឆាំងចំពោះសកម្មភាពដែលចិនចាត់ទុកថាច្បាប់ព្រៃ។

ចំណែកលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បានប្រាប់លោក វ៉ាង យី ពីជំហររបស់រុស្ស៊ី ប្រឆាំងការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលនាំឱ្យជម្លោះនៅតំបន់ដើមបូព៌ា​កាន់តែធ្ងន់ធ្ងរ។លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា រុស្ស៊ីមានជំហរដូចគ្នាជាមួយចិន ហើយត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការសម្របសម្រួល និង ការប្រាស្រ័យទាក់ទងជាមួយភាគីចិន និងបាន អំពាវនាវឱ្យបញ្ឈប់សង្រ្គាមជាបន្ទាន់ និង ត្រឡប់ទៅរកការចរចាការទូតវិញ៕

Khcct banner

អត្ថបទទាក់ទង