ភ្នំពេញ៖បណ្តាញសារព័ត៌មានល្បីៗរបស់ សិង្ហបុរី និងម៉ាឡេស៊ី បានចេញផ្សាយព្រមៗគ្នាពីរសារបកអាក្រាតរបស់លោក Fang ជាជនជាតិចិន ដែលគេស្គាល់ថាជាម្ចាស់សណ្ឋាគារនៅថ្មដា ខេត្តពោធិ៍សាត់ បកអាក្រាតសកម្មភាពក្រុមយោធាថៃ ចូលលួចសម្ភារមានតម្លៃក្នុងសណ្ឋាគារ ក្រោយបទឈប់បាញ់ជាមួយកម្ពុជាចូលជាធរមាន។ការចេញផ្សាយនេះ គឺផ្សាយបន្តពីសារព័ត៌មាន «CCTimes» (ភាសាចិន) របស់ប្រទេសកម្ពុជា។
សារព័ត៌មានភាសាចិនរបស់សិង្ហបុរី «Lian He Zao Bao» ក្រោមចំណងជើងធំៗថា «ម្ចាស់សណ្ឋាគារជនជាតិចិននៅកម្ពុជាចោទប្រកាន់ទាហានថៃថា បានលួចប្លន់សណ្ឋាគាររបស់ពួកគេ»។ព័ត៌មានបន្តរាយការណ៍ថា ក្នុងពេលប្រយុទ្ធគ្នាតាមព្រំដែន កាលពីថ្ងៃទី៩ ខែធ្នូ ២០២៥ គ្រាប់ផ្លោងរបស់យោធាថៃ ធ្លាក់នៅជិតសណ្ឋាគារលោក បណ្តាលឲ្យគាត់សម្រេចចិត្តជម្លៀសបុគ្គលិក និង បិទអាជីវកម្ម ហើយបន្ទាប់មកក៏បង្ខំចិត្តចាកចេញពីសណ្ឋាគារទៅទីកន្លែងមានសុវត្តិភាព ស្ថិតចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ។
សារព័ត៌មានដដែលនេះ បានបន្តរាយការណ៍ថា ក្រោយបទឈប់បាញ់នៅព្រឹកថ្ងៃទី២៧ ខែធ្នូ លោកបានត្រឡប់ទៅសណ្ឋាគារវិញ និង បានឃើញតំបន់នោះហ៊ុំព័ទ្ធយ៉ាងតឹងរឹងពីយោធាថៃ ព្រមទាំងបានឃើញទាហានថៃ ប្រើរទេះរុញចូលលួចសម្ភារមានតម្លៃចេញពីសណ្ឋាគារ សូម្បីតែវាំងនន និង ស្បែកជើងក៏លួចដែរ ខណៈម៉ូតូ៩គ្រឿងនៅក្នុងបរិវេណសណ្ឋាគារ នៅសល់តែ២គ្រឿង ទូដែកនៅបន្ទប់ម្ចាស់សណ្ឋាគារ ត្រូវបានគាស់ ហើយប្រាក់ និងរបស់របមានតម្លៃត្រូវទាហានថៃលួចអស់គ្មានសល់។
ចំណែកសារព័ត៌មានភាសាចិនវ័យចំណាស់របស់ម៉ាឡេស៊ីវិញ គឺ Nanyang Siang Pau បានចាប់ចំណងជើងស្រដៀងគ្នាថា «ក្រុមហ៊ុនចិននៅកម្ពុជា ចោទប្រកាន់ទាហានថៃថា បានលួចប្លន់របស់មានតម្លៃសណ្ឋាគារពួកគេ»។ចំពោះខ្លឹមសារវិញ កាសែតនេះ បានរាយការណ៍ដូចខ្លឹមសារខាងលើ និង បានបន្ថែមដោយដកស្រងពី«CCTimes»ពីការអះអាងរបស់ម្ចាស់សណ្ឋាគារដែលថា សណ្ឋាគារ និងហាងជុំវិញសរុបមាន ៤៥កន្លែង បានវិនិយោគទុនរាប់លានដុល្លារ ហើយទ្រព្យសម្បត្តិភាគច្រើនត្រូវបានលួចខ្ចេចខ្ចីដោយទាហានថៃ។
កាសែតនេះ បន្តរាយការណ៍ទៀតថា ប្រសិនបើការខូចខាតកើតឡើងដោយសារសង្គ្រាម លោកសុខចិត្តទទួលយក តែករណីនេះគឺមានក្រុមទាហានថៃជាច្រើនចូលលួចម្តងហើយម្តងទៀត ដើម្បីដឹកយកសម្ភារចេញ រហូតសណ្ឋាគារនៅសល់តែសំណល់អគារទទេប៉ុណ្ណោះ។
គួរបញ្ជាក់ថា «Lian He Zao Bao» គឺជាសារព័ត៌មានភាសាចិនដ៌ល្បី និងមានចំនួនអ្នកអានច្រើនបំផុតនៅសិង្ហបុរី ខណៈ «Nanyang Siang Pau» ជាសារព័ត៌មានភាសាចិនមានប្រវត្តិជាងមួយរយឆ្នាំ និងមានឥទ្ធិពលមួយនៅម៉ាឡេស៊ី៕