ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគុយបា ស្នើសុំរដ្ឋសភាកម្ពុជាបន្តរឹតចំណងមិត្តភាព គាំទ្រគ្នានៅលើឆាកអន្តរជាតិ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ។ តាមរយៈជំនួបពិភាក្សាការងាររវាងឯកអគ្គរដ្ឋទូតគុយបា និងមន្រ្តីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក៏បានផ្លាស់ប្ដូរបទពិសោធន៍ គ្នាលើការងារវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល កិច្ចការនារី និងពាណិជ្ជកម្ម ផងដែរ។
លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ដើម្បីបង្ហាញពី បច្ចុប្បន្នភាពថ្មីៗនៃស្ថានការណ៍នៅក្នុងប្រទេសទាំងពីរ កម្ពុជា-គុយបា និងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងសកម្មឡើង ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរដ្ឋទូតគុយបា បានសម្តែងនូវការអរគុណ និងសុំឱ្យរដ្ឋសភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ជួយគាំទ្រក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។ ជាមួយគ្នានេះ លោកស្រីក៏បានស្នើសុំឱ្យរដ្ឋសភាកម្ពុជា បន្តចំណងមិត្តភាព បង្ហាញការគាំទ្រគ្នានៅលើឆាកអន្តរជាតិ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
ជាការឆ្លើយតប លោកស្រី និន សាផុន បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបាននឹងកំពុងពូនជ្រំជាបន្តបន្ទាប់ ដើម្បីជាគុណប្រយោជន៍នៃការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក និងបន្តថែរក្សា ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។
ក្នុងជំនួបពិភាក្សាការងារនេះដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរបទពិសោធន៍ គ្នាលើការងារវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល កិច្ចការនារី និងពាណិជ្ជកម្ម ផងដែរ៕