ភ្នំពេញ៖ កម្មវិធីយុវទូតស្ម័គ្រចិត្តសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) កំពុងជ្រើសរើសយុវទូតស្ម័គ្រចិត្តជំនាន់ទី៦ ដើម្បីផ្តល់ឱកាសឱ្យយុវជនអាចបញ្ចេញមតិ ប្រើប្រាស់សិទ្ធិអំណាច ចំណេះដឹងចូលរួមនៅក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៃកម្ពុជា។កម្មវិធីនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃយុវទូតស្ម័គ្រចិត្តដើម្បីSDGs នៅក្នុងការធ្វើជាយុវទូតស្ម័គ្រចិត្តបេក្ខជននឹងត្រូវបំពេញតួនាទីមួយចំនួនដូចជា ដឹកនាំកម្មវិធីនានាដែលទាក់ទង និងការផ្សព្វផ្សាយសាធារណៈអំពីSDGs ទៅកាន់មហាជន ដែលជាពិសេសគឺនៅក្នុងចំណោមយុវជន។គាំទ្រ និងផ្តល់គំនិតផ្តួចផ្តើមនៅក្នុងការធ្វើសមាហរណកម្មSDGs និងCSDGsឱ្យទៅជាសកម្មភាពដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជន។យុវទូត ត្រូវចូលរួម និងងសហការជាមួយដៃគូរពាក់ព័ន្ធរួមមានរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ភ្នាក់ងារអង្គការសហប្រជាជាតិ និងវិស័យឯកជនដើម្បីលើកកម្ពស់ភាពជាដៃគូ។យុវទូត ត្រូវចូលរួមចំណែកឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមនានានៅក្នុងការអនុវត្ត និងចូលរួមបញ្ចេញមតិនានាដើម្បីកែលម្អឱ្យមានភាពល្អប្រសើរ។ជាចុងក្រោយយុវទូតត្រូវសរសេររបាយការណ៍មួយស្តីពីSDGs និងផលិតវីដេអូយ៉ាងហោចណាស់ពីរសម្រាប់មនុស្សម្នាក់។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យបេក្ខជនត្រូវតែជាសិស្សដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងឆ្នាំទី៤ ឬបានបញ្ចប់ថ្មីៗដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ។ បេក្ខជន ត្រូវចេះប្រើប្រាស់បណ្តាញសង្គម និងភាពស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសទាំងអាន និយាយ និងសរសេរ។ បេក្ខជន អាចធ្វើការ៥ថ្ងៃនៅក្នុងមួយសប្តាហ៍ និងមួយថ្ងៃបួនម៉ោង និងអាចចូលរួមកម្មវិធីដែលទាក់ទងនានាទាំងក្នុងស្រុក និងអន្តរជាតិ និងអាចធ្វើការជាក្រុម មានភាពស្មោះត្រង់ អាចបត់បែនបាន និងមានជំនាញទំនាក់ទំនងល្អ។
គួរបញ្ជាក់ផងដែរថា តាមរយៈការចូលរួមជាយុវទូតស្ម័គ្រចិត្តបេក្ខជននឹងទទួលបានថវិកាលើកទឹកចិត្តចំនួន៥០ដុល្លារប្រចាំខែ និងធានារ៉ាប់រងគ្រោះថ្នាក់ការងារទៀតផង។បើសិនជាបេក្ខជន មានចំណាប់អារម្មណ៍សូមផ្ញើលិខិតអមដែលរៀបរាប់ពីចំណាប់អារម្មណ៍ ប្រវត្តិរូបសង្ខេប និងបញ្ជាក់ឱ្យច្បាស់ពីចំណងជើងមុខដំណែងនៅក្នុងពាក្យស្នើសុំ រួចបញ្ចូលជាឯកសារតែមួយហើយផ្ញើទៅកាន់អ៊ីមែល៖ [email protected]។ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ តំណរភ្ជាប់៕