ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះ របស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដែលបានផ្សព្វផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា។
កម្ពុជា អះអាងថា ប្រាសាទព្រះវិហារ ជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាល ជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា វត្តមានរបស់ឆ្នាំសន្តិសុខកម្ពុជាដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំងនេះ មិនអាចបកស្រាយថាជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធាបានឡើយ។ គ្រប់គ្រងទីតាំងនេះ នៅតែស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិលដែលមានសមត្ថកិច្ច ហើយការរៀបចំសន្តិសុខណាមួយនៅទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាងតឹងរ៉ឹង ដែលមានលក្ខណៈរក្សាការពារ និងសមាមាត្រទៅនឹងតម្រូវការនៃការអភិរក្សការពារទីតាំងនោះ។
ទន្ទឹមនឹងនេះ ការប៉ុនប៉ងពិពណ៌នាប្រាសាទព្រះវិហារថា ជាទីតាំងយោធា គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចតុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ កម្ពុជាតែងប្រកាន់ខ្ជាប់ចំពោះច្បាប់អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូលរួមសហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ជាថ្មីថា ប្រាសាទព្រះវិហារគឺជាប្រាសាទសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុង គោលបំណងយោធានោះទេ ហើយការការពារតំបន់បេតិកភណ្ឌពិភពលោកនេះ គឺជាការទទួលខុសត្រូវរួមរបស់ សហគមន៍អន្តរជាតិ៕