អាម៉េរិក៖ កងកម្លាំងយោធារបស់សហរដ្ឋអាម៉េរិក ជប៉ុន និងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នារយៈពេលមួយសប្តាហ៍នៅតំបន់ច្រកសមុទ្របាស៊ី ភាគខាងត្បូងកោះតៃវ៉ាន់ ខណៈកងទ័ពរំដោះប្រជាជនចិន (PLA) ក៏បានល្បាតជាប្រចាំរយៈពេលបួនថ្ងៃនៅសមុទ្រចិនខាងត្បូង ក្នុងពេលតែមួយ។
យោងតាមបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក បញ្ជាការកងនាវាទី៧ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៦ ខែកុម្ភៈ ថា កងកម្លាំងប្រដាប់អាវុធពីប្រទេសទាំងបីបានអនុវត្ត “សកម្មភាពសហប្រតិបត្តិការសមុទ្រពហុភាគី” (MMCA) នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីគាំទ្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឲ្យមានសេរីភាព និងបើកចំហ។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សេចក្តីថ្លែងការណ៍យោធាហ្វីលីពីននៅថ្ងៃទី ២៧ ខែកុម្ភៈ ថា យន្តហោះយោធាពីប្រទេសទាំងបីបានអនុវត្តល្បាតអាកាសលើកោះ Batanes ដែលជាកោះភាគខាងជើងបំផុតរបស់ហ្វីលីពីន ដើម្បីបង្ហាញពីសមត្ថភាពក្នុងការធ្វើប្រតិបត្តិការរួមគ្នាយ៉ាងរលូន នៅក្នុងបរិយាកាសសមុទ្រដ៏ស្មុគស្មាញ កោះ Batanes ស្ថិតនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីកោះតៃវ៉ាន់តែប៉ុណ្ណោះ។
ក្នុងពេលដូចគ្នា បញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងត្បូង នៅថ្ងៃទី ២៧ ខែកុម្ភៈ បានបញ្ជាក់ថាកងទ័ពជើងទឹករបស់ខ្លួនបានធ្វើល្បាតជាប្រចាំនៅសមុទ្រចិនខាងត្បូង តាំងពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ។ លោកវរសេនីយ៍ឯក Zhai Shichen អ្នកនាំពាក្យបញ្ជាការភាគខាងត្បូង បានរិះគន់ហ្វីលីពីនចំពោះការប្រមូលផ្តុំប្រទេសខាងក្រៅឱ្យចូលរួមល្បាតរួមគ្នា ដោយអះអាងថា កំពុងតែបង្កភាពតានតឹង និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕