ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៖ ស្ថានទូតអាម៉េរិកនៅកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈបានបើកជាផ្លូវការនូវកម្មវិធីអាហារូបករណ៍ភាសាអង់គ្លេស Access Program នៅក្នុងខេត្តកំពង់ចាមក្នុងគោលបំណងកសាងសមត្ថភាពភាសាអង់គ្លេស និងភាពជាអ្នកដឹកនាំដល់អ្នកដឹកនាំជំនាន់ក្រោយ។
យោងតាមគេហទំព័រស្ថានទូតអាម៉េរិកប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍នេះបើកឱកាសឱ្យយុវជនដែលមានអាយុចាប់ពី ១៣ទៅ ២០ឆ្នាំដែលមានជីវភាពគ្រួសារខ្វះខាត បានសិក្សាថ្នាក់មូលដ្ឋានគ្រឹះភាសាអង់គ្លេសក្រៅម៉ោងសិក្សារយៈពេល ២ឆ្នាំដែលស្មើនឹង៣៦០ម៉ោង ឬតិចជាងនេះ។ តាមរយៈកម្មវិធីនេះ អ្នកទទួលបានអាហារូបករណ៍នឹងមានឱកាសអភិវឌ្ឍន៍ភាសាអង់គ្លេស និងយកវាជាទុនដើម្បីស្វែងរកការងារ និងមានឱកាសសិក្សាកាន់តែល្អប្រសើរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍នេះបានដំណើរការនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មកម្លេះ ដែលមានសិស្សរហូតដល់ជាង១៥០០នាក់ ។ បច្ចុប្បន្ននេះ មានសិស្សកម្ពុជាកំពុងសិក្សាសរុបចំនួន ១៤០នាក់កំពុងសិក្សាក្នុងកម្មវិធីនៅខេត្តកំពត បាត់ដំបង ព្រៃវែង កំពង់ឆ្នាំង កំពង់ស្ពឺ និងសៀមរាប៕