ភ្នំពេញ៖ សាកលវិទ្យាល័យ Southern University of Science and Technology ប្រកាសផ្តល់អារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាតាមកម្មវិធីអន្តរជាតិចំនួន ១០កន្លែងដល់សិស្សនិងនិស្សិតនៅកម្ពុជា។ ក្នុងកម្មវិធីអាហារូបករណ៍នេះ សិស្សអាចជ្រើសរើសជំនាញសិក្សាទាក់ទងនឹងបច្ចេកវិទ្យារហូតដល់ ១៣ជំនាញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ អាហារូបករណ៍នេះគឺផ្តល់ជូនសម្រាប់សិស្សទាំងពីរភេទដែលមានសញ្ជាតិខ្មែរ និងទទួលបាននិទ្ទេស A, B ឬC នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ មួយវិញទៀត បេក្ខជនតម្រូវឱ្យមានជំនាញប្រើប្រាស់ភាសាអង់គ្លេស មានសុខភាពមាំមួន និងលិខិតបញ្ជាក់ពីកម្រិត China Scholastic Competency Assessment ដែលជាការប្រឡងចូល សម្រាប់សិស្សអន្តរជាតិដែលចង់ចូលរៀនថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យបេក្ខជនតម្រូវឱ្យមានឯកសារចាំបាច់មួយចំនួនដូចជា បង្កាន់ដៃទទួលពាក្យប្រឡង ពាក់សុំអាហារូបករណ៍ ជីវប្រវត្តិសង្ខេប និងរូបថត៤គុណ៦ ៤សន្លឹកដែលមានផ្ទៃខាងក្រោយពណ៌ស។ បន្ថែមពីលើនេះ បេក្ខជនភ្ជាប់ទៅជាមួយសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថតចម្លង និងច្បាប់ដើម ដើម្បីធ្វើការផ្ទៀងផ្ទាត់ លិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សាសម្រាប់និស្សិត និងលិខិតបញ្ជាក់ពីអង្គភាពសម្រាប់មន្ត្រីរាជការ។ បន្ទាប់មក បេក្ខជនត្រូវយកពាក្យទៅដាក់នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ានដែលមានទីតាំងនៅសង្កាត់បឹងកេងកង១ នៅខាងកើតស្ថានីយទូរទស្សន៍អប្សរាឱ្យបានត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។
គួបញ្ជាក់ផងដែរថា អាហារូបករណ៍នេះនឹងផ្តល់ជូនថ្លៃសិក្សា ថ្លៃចំណាយលើការស្នាក់នៅ ប្រាក់ឧបត្ថម្ភប្រចាំខែ លើកលែងតែការចំណាយលើការទៅមកប្រទេសចិនជាបន្ទុករបស់បេក្ខជន។ ចំពោះបេក្ខជនដែលចង់ចុះឈ្មោះធ្វើតេស្ត CSCA ត្រូវចូលទៅកាន់ https://csca.cn/home ដែលកាលបរិច្ឆេទធ្វើតេស្តនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។