ថៃ៖ ក្រុមហ៊ុន Thai President Foods (TFMAMA) ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ម៉ាក "MAMA" ដ៏ល្បីល្បាញ បានរាយការណ៍ពីលទ្ធផលក្នុងឆ្នាំ២០២៥ ដោយបង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណូលសរុបចំនួន ៦,៦១% (ស្មើនឹង ២៧,៦៤ ពាន់លានបាត) ដែលនាំឱ្យប្រាក់ចំណេញសុទ្ធធ្លាក់ចុះដល់ ១៧,២៧% មកនៅត្រឹម ៣,៧ ពាន់លានបាត។
តាមការរាយការណ៍របស់កាសែតThe Nation កត្តាចម្បងដែលរុញច្រានឱ្យមានការធ្លាក់ចុះនេះ រួមមានការថយចុះនៃតុល្យភាពការលក់នៅក្រៅប្រទេសរហូតដល់ ១៧,៤៩% ការកើនឡើងនៃតម្លៃវត្ថុធាតុដើម និងការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងទីផ្សារ។
គួរបញ្ជាក់ថាប្រេនមីម៉ាក "MAMA" នៅតែបន្តរក្សាតំណែងសំខាន់ក្នុងទីផ្សារមីកញ្ចប់នៅក្នុងប្រទេសថៃ ដោយក្តោបក្តាប់ចំណែកទីផ្សារបានរហូតដល់ ៥០% ខណៈដែលផលិតផលលំដាប់ Premium ដូចជា "OK Series" និងក្រុមផលិតផលមីសួ និងគុយទាវ ក៏កំពុងបង្ហាញពីសញ្ញានៃការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប្រទេសថៃ៕