បារាំង៖ សភាជាតិបារាំងនៅថ្ងៃ២៥កុម្ភៈម្សិលមិញ បានបោះឆ្នោតអនុម័តជាលើកទីពីរលើសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យអ្នកជំងឺធ្ងន់ធ្ងរមានមានសិទ្ធិទទួលបានជំនួយដើម្បីបញ្ចប់ជីវិត (Aide à mourir) សម្រាប់អ្នកជំងឺធ្ងន់ធ្ងរដែលមិនអាចព្យាបាលជា បន្ទាប់ពីមានការជជែកដេញដោលគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយពាក់ព័ន្ធជាមួយនឹងច្បាប់មួយនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
សេចក្តីសម្រេចនេះទទួលបានសំឡេងគាំទ្រ ២៩៩ ទល់នឹង ២២៦ ហើយជំហានបន្ទាប់គឺត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីពិនិត្យឡើងវិញម្តងទៀត។ ទន្ទឹមនឹងការអនុម័តច្បាប់ដ៏ចម្រូងចម្រាសនេះ សភាក៏បានព្រមព្រៀងគ្នាជាឯកច្ឆន្ទលើការបង្កើនការគាំទ្រដល់«ការថែទាំសម្រន់»(palliative care) ដែលជាការផ្ដល់ជំនួយវេជ្ជសាស្ត្រដើម្បីកាត់បន្ថយការឈឺចាប់ និងលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នកជំងឺក្នុងដំណាក់កាលចុងក្រោយ៕