ភ្នំពេញ៖ និស្សិត ៥រូបដែលសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចដែលទទួលបានជ័យលាភីជើងឯករង ក្នុងវគ្គជម្រុះថ្នាក់ជាតិ នៃការប្រកួតសវនាការប្រឌិត Philip C. Jessup នឹងតំណាងកម្ពុជាចូលរួមការប្រកួតអន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី២៦ ខែមីនា ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃកម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស(ELBBL) ការប្រកួតសវនាការប្រឌិត Philip C. Jessup បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ និស្សិតតំណាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និស្សិតចំនួន៥រូបដែលទទួលបានជ័យលាភីគឺ កញ្ញា ជិន គីមអ៉ី លោក ពុំ ច័ន្ទទេព លោក ហុក ស្រ៊ុនហេង កញ្ញា ឈិន សុខរូស្សា និងកញ្ញា ទិព្វ ឧស្សា។បន្ថែមពីនេះ ពួកគេនឹងត្រូវដឹកនាំដោយគ្រូដឹកនាំលោកមាស អទិទេព។
គួរបញ្ជាក់ថាការប្រកួតសវនាការប្រឌិត Philip C. Jessup គឺជាការប្រកួតប្រជែងតុលាការដ៏ធំបំផុតរបស់ពិភពលោក ដែលមានអ្នកចូលរួមមកពីសាលាច្បាប់ប្រហែល 700នាក់ មកពីបណ្តា 100 ប្រទេស ។ ការប្រកួតប្រជែងតុលាការអន្តរជាតិ នេះគឺជាការប្រកួតប្រជែងតស៊ូមតិសម្រាប់និស្សិតច្បាប់។ ក្រុមនិស្សិតច្បាប់ប្រកួតប្រជែងគ្នាទៅវិញទៅមកតាមរយៈការបង្ហាញការនិយាយបកស្រាយ និងជាលាយលក្ខណ៍អក្សរ ដើម្បីដោះស្រាយបញ្ហាទាន់ពេលវេលានៃច្បាប់អន្តរជាតិសាធារណៈក្នុងបរិបទនៃជម្លោះផ្លូវច្បាប់តាមបែបសម្មតិកម្មរវាងប្រជាជាតិនានា៕