ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្ដដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ រយៈពេល១ឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ ជាក់ស្ដែងក្នុងឆ្នាំ២០២៥កន្លងទៅ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១០ ៧៤៣ ករណី ដោយឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ២៧ ៨៨៤ នាក់។
យោងតាមផែនការដែលមានលក្ខណៈជាយុទ្ធសាស្ត្រនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចាត់តាំងអនុវត្តតាមតួនាទី និងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់។
ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ សម្រេចបានកិច្ចការសំខាន់ៗ ដូចជា៖ជំរុញការផ្សព្វផ្សាយ អប់រំយ៉ាងផុលផុស តាមគ្រប់មធ្យោបាយ គ្រប់រូបភាព និងដល់ទីកន្លែងសរុបចំនួន ២០៨ ៣១៨ លើក ដែលមានអ្នកចូលរួមនិងទទួលសារអប់រំក្នុងម្នាក់អាចទទួលសារអប់រំលើសពីម្តង (តួលេខបូកយោងសរុបចំនួន ២៣ ៣០១ ៤៤២ អង្គ/នាក់) ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រើប្រាស់យុទ្ធវិធីនៃការអប់រំ ផ្សព្វផ្សាយតាមបែបទាន់សម័យ តាមប្រព័ន្ធឌីជីថល និងបានកៀរគរ វិស័យឯកជន សមាគម សិល្បៈ កីឡា និង អង្គការនានា ក្នុងការចូលរួមជាជនបង្គោលក្នុងការងារផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងរៀបចំ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥» យ៉ាងអធិកអធម ប្រកបដោយខ្លឹមសារអត្ថន័យ និងបរិយាបន្ន តាមរយៈការអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ ទីតាំងអាជីវកម្មសរុបចំនួន ១២ កន្លែង ត្រូវបានបិទ។
ទន្ទឹមនឹងនេះ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ១០ ៧៤៣ ករណី ដោយឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ២៧ ៨៨៤ នាក់ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ប្រមាណ ៥ ៨៩៧ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៤២ ៨១៤ គីឡូក្រាម និងបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាល និងស្តារនីតិសម្បទាសរុបចំនួន ១៦ ២១៦ នាក់ បានធ្វើសមាហរណកម្មចូលក្នុងគ្រួសារនិងសហគមន៍វិញ សរុបចំនួន ១០ ៦៤០ នាក់៕