ចិន៖ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Shanghai Ocean ប្រទេសចិន បាននិងកំពុងដាក់បញ្ចូលបច្ចេកទេសកសិកម្មបែបអេកូឡូស៊ីថ្មីមួយគឺ «ការដាំស្រូវរួមផ្សំជាមួយការចិញ្ចឹមបង្កង» ដល់កសិករក្នុងខេត្តតាកែវ ប្រទេសកម្ពុជា ដែលជាគំរូជួយបង្កើនប្រាក់ចំណូលផង និងការពារបរិស្ថានផង។ បច្ចេកទេសនេះ ទាញយកអត្ថប្រយោជន៍ពីទឹកជំនន់ក្នុងរដូវវស្សា ដោយអនុញ្ញាតឱ្យកសិករដាំស្រូវ និងចិញ្ចឹមបង្កងក្នុងផ្ទៃដីតែមួយ ដែលបង្កងជួយជ្រោយដី កម្ចាត់សត្វល្អិត និងផ្តល់ជីធម្មជាតិដល់ស្រូវ រីឯដើមស្រូវវិញជួយចម្រោះទឹក និងផ្តល់ម្លប់ដល់បង្កង។
លោកសាស្ត្រាចារ្យ Wu Xugan នៃសាកលវិទ្យាល័យ Shanghai Ocean បានបញ្ជាក់ថា លក្ខខណ្ឌអាកាសធាតុនៅកម្ពុជាដែលមានភ្លៀងធ្លាក់ច្រើនក្នុងរដូវវស្សា ចាប់ពីខែមិថុនាដល់តុលា គឺអំណោយផលបំផុតសម្រាប់ការចិញ្ចឹមបង្កងក្នុងស្រែ និងការចិញ្ចឹមបង្កងឆ្លាស់ជាមួយការធ្វើស្រែ។ ការរួមបញ្ចូលគ្នានេះ មិនត្រឹមតែជួយធានាសន្តិសុខស្បៀង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទិន្នផលបង្កងទឹកសាបដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ទៀតផង។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន គម្រោងនេះកំពុងអនុវត្តលើផ្ទៃដីប្រហែល ៥០ ហិកតា ក្នុងចំណោម ៥២ គ្រួសារ ក្នុងខេត្តតាកែវ ប្រទេសកម្ពុជា ដែលអាចជួយបង្កើនប្រាក់ចំណូលបន្ថែមបានប្រមាណ ៣,០០០ ដុល្លារក្នុងមួយហិកតា។
កសិករក្នុងតំបន់បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះបច្ចេកទេសនេះ ដោយសារវាផ្តល់ផលចំណេញខ្ពស់ជាងការធ្វើស្រែតែមួយមុខ ពោលគឺបង្កងអាចលក់បានក្នុងតម្លៃរហូតដល់ ១៧ ដុល្លារក្នុងមួយគីឡូក្រាម ដែលបង្កើតជាចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំ។