ថៃ៖ លោក Tankawin Ratthawatkangkoon សមាជិកគណបក្ស ក្លា ថាំ នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ បានដាក់ញត្តិទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ដើម្បីស្នើឱ្យតុលាការធម្មនុញ្ញរំលាយគណបក្សប្រជាជន (People’s Party) ដោយចោទប្រកាន់ថាមានការពាក់ព័ន្ធមិនប្រក្រតីជាមួយអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយអនឡាញឈ្មោះ "Specter-C" ដែលអាចជាការប្រើប្រាស់ធនធានបក្សដើម្បីស្វែងរកផលចំណេញខុសច្បាប់។
តាមកាសែតថៃ Thai Enquirer ក្រៅពីការស្នើឱ្យដកសិទ្ធិបោះឆ្នោតថ្នាក់ដឹកនាំគណបក្សចំនួន ១៤ រូប បណ្តឹងនេះក៏បានទាមទារឱ្យមានចំណាត់ការតាមផ្លូវច្បាប់លើអ្នកស្រី Pannika Wanich ជាអតីតគណកម្មការបក្សដ៏សំខាន់មួយរូប ពីបទលូកដៃក្នុងកិច្ចការគណបក្សទាំងកំពុងជាប់បម្រាមនយោបាយ ដោយតុលាការកំពូលថៃបានសម្រេចហាមឃាត់លោកស្រី មិនឱ្យធ្វើនយោបាយអស់មួយជីវិត ពីបទរំលោភក្រមសីលធម៌ នៅក្នុងឆ្នាំ ២០២៣។
ជាការឆ្លើយតប លោក Parit Wacharasindhu អ្នកនាំពាក្យគណបក្សប្រជាជន បានទទួលស្គាល់ពីវត្តមាននៃប្រព័ន្ធ Specter-C នៅក្នុងស្នាក់ការបក្ស ប៉ុន្តែអះអាងថាវាគ្រាន់តែជាកម្មវិធីសម្រាប់គ្រប់គ្រងទិន្នន័យសមាជិក និងយុទ្ធសាស្ត្របោះឆ្នោតដោយតម្លាភាពប៉ុណ្ណោះ។ បច្ចុប្បន្ន ជោគវាសនារបស់គណបក្សប្រជាជន គឺស្ថិតក្នុងដៃរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលត្រូវសម្រេចថាតើត្រូវបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការរដ្ឋធម្មនុញ្ញឬយ៉ាងណា។
គួរបញ្ជាក់ថា Specter-C គឺជាកម្មវិធីគ្រប់គ្រងទិន្នន័យ ដើម្បីប្រមូល និងគ្រប់គ្រងព័ត៌មានសមាជិកបក្ស ការបង់ថ្លៃសមាជិកភាព និងការរៀបចំយុទ្ធសាស្ត្របោះឆ្នោតរបស់គណបក្សប្រជាជន។