ចិន៖ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាម៉េរិកកំពុងរក្សាការទំនាក់ទំនងជាបន្តបន្ទាប់ទាក់ទងនឹងដំណើរទស្សនកិច្ចដែលអាចកើតមានឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ទៅកាន់ប្រទេសចិនក្នុងរយៈពេល៣ថ្ងៃចាប់ពី ៣១ ខែ មីនា ដល់ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៦ខាងមុខនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់សម្តីមន្ត្រីសេតវិមានម្នាក់ កាលពីថ្ងៃទី២០ ខែកុម្ភៈ បានឲ្យដឹងថា លោក Trump អាចធ្វើដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា។
យ៉ាងណាមិញក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) មិនបានបញ្ជាក់ព័ត៌មានអំពីដំណើរទស្សនកិច្ចនៅចុងខែមីនាទេ ដោយគ្រាន់តែបញ្ជាក់ថា ការទូតរវាងមេដឹកនាំកំពុងតែដំណើរការ និងរៀបចំ លោកស្រីបដិសេធមិនផ្តល់ព័ត៌មានលម្អិតនៃការបរិច្ឆេទនៃដំណើរទស្សនកិច្ចពិតប្រាកដនៅឡើយនោះទេ៕