681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋសភា កម្ពុជា-បារាំង បន្តពង្រឹងចំណងមិត្តភាពឆ្ពោះទៅរក “ភាពជាដៃគូយុទ្ធសាស្ត្រ” ក្នុងឆ្នាំ២០២៦

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឆ្នាំ២០២៦ ត្រូវបានចាត់ទុកជាឆ្នាំដ៏វិសេសវិសាលសម្រាប់ទំនាក់ទំនង កម្ពុជា-បារាំង ខណៈកម្ពុជាត្រៀមលក្ខណៈទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងការទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ទាំងនេះនឹងក្លាយជាកាតាលីកររុញច្រានទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ”។

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាបារាំង ដឹកនាំដោយ លោក តូម៉ាស ឡាំ (Thomas LAM) ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេសលទ្ធផលនៃជំនួបវាងគណៈប្រតិភូជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ ជំនួបនេះឆ្លុះបញ្ចាំងពីឆន្ទៈមោះមុតក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

លោក ជាម យៀប បានបញ្ជាក់ពីគោលនយោបាយ “រក្សាមិត្តចាស់ ពង្រីកមិត្តថ្មី” ដោយមិនយកប្រទេសណាជាសត្រូវ និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ ក្រុមមិត្តភាពសភានឹងដើរតួជា “ស្ពាន” តភ្ជាប់កិច្ចសហប្រតិបត្តិការដោយយកប្រជាពលរដ្ឋជាស្នូល។

លោក តូម៉ាស ឡាំ (Thomas LAM) ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណសភាកម្ពុជាចំពោះការស្វាគមន៍ដ៏កក់ក្ដៅ និងថា ចំណងទាក់ទងរវាងប្រទេសទាំងពីរបារាំងកម្ពុជាមានតាំងពីយូរណាស់មកហើយ ពិសេសលើផ្នែកវប្បធម៌។

លោកបានបន្តថា បារាំង ត្រៀមខ្លួនជួយកម្ពុជាលើវិស័យផ្សេងៗទៀត ក្នុងនោះមានដូចជា វិស័យអប់រំ ដោយបារាំងត្រៀមជួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំង ដល់កម្ពុជា។ ចំណែកកិច្ចសហការវិស័យសេដ្ឋកិច្ច គឺបារាំងអាចរួមចំណែកជួយផ្ដល់ការចែករំលែកបទពិសោធន៍ និងភស្តុភារកម្ម ជាមួយនឹងក្ដីសង្ឃឹមថា បារាំងនឹងអាចពង្រីកធុរកិច្ចរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈប្រទេសកម្ពុជា។

បារាំងបានចាត់ទុកឆ្នាំ២០២៦ ជាចំណុចរបត់ប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី បារាំង កម្ពុជា គឺកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។ បារាំងនឹងផ្តល់ជំនួយបច្ចេកទេសពេញទំហឹងដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នេះ។ ជាមួយគ្នានេះ ប្រធានាធិបតិបារាំង គឺលោក អេម៉ានុអ៊ែល ម៉ាក្រុង ក៏នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាផងដែរនាអំឡុងពេលនោះ ដែលនឹងធ្វើឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត៕


Khcct banner

អត្ថបទទាក់ទង