ក្រសួងអប់រំ៖ ក្រសួងអប់រំ កំពុងរៀបចំការប្រកួតហ្គេមកម្រិតអន្តរជាតិGames for Change (G4C) Student Challenge 2026 ដើម្បីផ្តល់ឱកាសសិស្សានុសិស្សនិងយុវជន ដែលមានអាយុចាប់ពី ១០ ដល់២៥ឆ្នាំដែលមានចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា និងការបង្កើតហ្គេម អាចបញ្ចេញសមត្ថភាព គំនិតច្នៃប្រឌិត និងស្នាដៃរបស់ពួកគេ ទាំងក្នុងថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ឱកាសនៃការប្រកួតនេះគឺបើកសម្រាប់បេក្ខជនទូទៅទាំងសិស្ស និងនិស្សិតដែលមានអាយុចាប់ពី ១០ឆ្នាំ ដល់២៥ឆ្នាំ។ ក្នុងការប្រកួតនេះ បេក្ខជនអាចប្រកួតតែឯង ឬក៏មានក្រុមដែលមានសមាជិកពី២ ទៅ៤នាក់។ បេក្ខជនដែលចូលរួមនឹងត្រូវបង្កើតហ្គេមដែលចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន All in for Nature: ការចូលរួមការពារធនធានធម្មជាតិ Outgrow Hunger: ការចូលរួមដោះស្រាយបញ្ហាស្បៀងអាហារ Own the Road: ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍។
គួរបញ្ជាក់ផងដែរថា ចំពោះបេក្ខជនដែលជាម្ចាស់ជ័យលាភីនឹងទទួលបានអាហារូបករណ៍រហូតដល់ ១០០០០ដុល្លារនិងមានឱកាសបង្ហាញស្នាដៃរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ដូចនេះ ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦៕