ភ្នំពេញ៖ សម្តេច ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមអ្នកសម្តែងរក្សានូវការសម្តែង កាយវិការ និងពាក្យសម្តីឱ្យបានសមរម្យ ចៀសវាងខ្វះការគោរពចំពោះសាសនាឥស្លាម។ សម្តេចលើកឡើងបែបនេះ ក្រោយពីមានមតិផ្ទុះការវែកញែកក្នុងបណ្តាញសង្គម ជុំវិញការសម្តែងប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលក្រុមអ្នកសម្តែងប្រើពាក្យពេចន៍ និងឥរិយាបទសម្តែងខ្លះខ្វះការគោរពចំពោះបងប្អូនខ្មែរឥស្លាម។
យោងតាមការបង្ហោះសាររបស់សម្តេច ហ៊ុន សែន ក្នុងបណ្តាញសង្គមបានសរសេរយ៉ាងដូច្នេះថា៖ «ឆ្លងកាត់នូវយោបល់របស់បងប្អូនដែលជាខ្មែរឥស្លាមបង្ហាញឱ្យឃើញថាបងប្អូនមិនបានជំទាស់និងការសម្តែងដែលមានតួរសម្តែងជាបងប្អូនខ្មែរឥស្លាមនោះទេ។ អ្វីដែលបងប្អូនមិនសប្បាយចិត្តគឺពាក្យពេចន៍និងឥរិយាបទសំដែងខ្លះខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឲ្យមានប្រតិកម្ម។ រឿងនេះសូមបងប្អូនគ្រប់ក្រុមសម្តែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។»
សម្តេច ហ៊ុន សែន បានរៀបរាប់បន្តថា «បងប្អូនឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់នូវព្រះអាលឡោះឬព្រះអាលឡាដូចនេះមិនអាចសំដែងប៉ះពាល់បានទេ។ ដូចនេះបញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួរអង្គសម្តែង ឬក្រុមសម្តែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ទាំងពាក្យសម្តីទាំងកាយវិការសម្រាប់ការសំដែងជៀសវាងឱ្យខាងតែបាននូវពាក្យពេចន៍ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម។ សូមឱ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត៕»