ភ្នំពេញ៖ សិស្សានុសិស្សពីរក្រុម ដែលមកពីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប និងសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ បានទទួលបានពានរង្វាន់នៅក្នុងកម្មវីធីប្រកួត វេទិកាស្វែងរកអ្នកវិទ្យាសាស្ត្រវ័យក្មេងថ្នាក់តំបន់លើកទី១៤ នៅប្រទេសម៉ាឡេស៊ី។
យោងតាមគេហទំព័រផ្លូវការរបស់លោកហង់ ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ឱ្យដឹងថាកម្មវីធីប្រកួតទាំងមូលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ីរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៩ ដល់ទី១២ខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងនោះក្រុមសិស្សនៃវិទ្យាល័យទាំងពីរបានធ្វើការប្រកួតលើប្រធានបទផ្សេងគ្នា។ ក្រុមទី១ មកពីសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប បានធ្វើគម្រោងស្រាវជ្រាវក្រោមប្រធានបទ"Solar-Powered Smart Robot for Automated Crop Sowing and Watering" និងក្រុមទី២ មកពីសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ បានធ្វើគម្រោងស្រាវជ្រាវក្រោមប្រធានបទ "Green Gold: Evaluating Compost Impact on Soil Variants"។
បើតាមប្រភពដដែលក្រុមសិស្សមកពីវិទ្យាល័យព្រែកលៀបទទួលបានមេដាយចំនួនបីគ្រឿងក្នុងប្រភេទសិស្សកម្រិតមធ្យមសិក្សាដែលរួមមាន មេដាយសំរិទ្ធ ពានរង្វាន់ឆ្នើមលើការធ្វើបទបង្ហាញមួយគ្រឿង មេដាយប្រាក់ ពានរង្វាន់ឆ្នើមលើការតាំងបង្ហាញគម្រោងមួយគ្រឿង និងមេដាយសំរិទ្ធ ពានរង្វាន់ពិសេសលើភាពច្នៃប្រឌិត និងនវានុវត្តន៍មួយគ្រឿង។ ចំពោះក្រុមសិស្សមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបានមេដាយមាសចំនួនមួយគ្រឿង ពានរង្វាន់ឆ្នើមលើការធ្វើបទបង្ហាញ នៅក្នុងប្រភេតសិស្សកម្រិតមធ្យមសិក្សា។
គួរបញ្ជាក់ផងដែរថា មុននឹងឈានមកដល់ការទទួលបានជ័យលាភីនេះសិស្សទាំងពីរក្រុមនេះបានចូលរួមនៅក្នុងវគ្គជម្រុះនីមួយៗយ៉ាងស្វិតស្វាញទាំងថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាមោទនភាពមួយសម្រាប់កម្ពុជាដែលទទួលបានមេដាយរហូតដល់ទៅបួនគ្រឿង នៅក្នុងការប្រកួតនៅក្នុងចំណោមសិស្សចំនួន ៤៧៥រូបដែលមកពីបណ្តាប្រទេសចំនួន៨ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕