Cctime 6monthsfree desktop
Cc times  web banner kh (2)

មន្ត្រីទូតចិន៖រដ្ឋាភិបាលកម្ពុជានិងស្ថានទូតចិនកំពុងទាក់ទងគ្នាយ៉ាងជិតស្និទ្ធដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វ៉ាក់សាំងរបស់ចិន

កម្ពុជា៖ ពេលនេះរដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិនកំពុងបានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអាចទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩(COVID-19) ដែលផលិតដោយប្រទេសចិន សម្រាប់យកមកប្រើប្រាស់នៅក្នុងប្រទេស។

បើតាមមន្ត្រីនៅស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា នៅខណៈនេះ កម្ពុជាមានជំរើសច្រើនក្នុងការទទួលបានវ៉ាក់សាំងពីចិន ព្រោះវ៉ាក់សាំងដែលផលិតដោយប្រទេសចិន មានសុវត្ថិភាព និងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត វាមានភាពងាយស្រួល អាចរក្សាទុក និងដឹកជញ្ជូន នៅសីតុណ្ហភាពពី ០២ ដល់ ០៨អង្សាសេ ( 2℃ - 8 ℃)។

នាពេលថ្មីៗនេះ មន្រ្តីស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា កម្ពុជាគឺជាមិត្តដែកថែបរបស់ប្រទេសចិន ហើយប្រទេសទាំងពីរបានចងជាសហគមន៍រួមវាសនាតែមួយ  នៅអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ប្រទេសទាំងពីរបានធ្វើជាគំរូដល់សហគមន៍អន្តរជាតិក្នុងការសហការឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ។ មន្រ្តីស្ថានទូតចិនបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ពីគោលជំហររបស់រដ្ឋាភិបាលចិនដូច្នោះថា"នៅពេលដែលវ៉ាក់សាំងដែលបង្កើតឡើងដោយប្រទេសចិនត្រូវបានអនុម័តអោយចែកចាយនៅលើទីផ្សារ នឹងផ្តល់អាទិភាពសំរាប់ប្រទេសកម្ពុជាជានិច្ច ហើយជំហរនេះមិនមានការផ្លាស់ប្តូរទេ"

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ធ្នូនេះ បានថ្លែងពីការណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ប៉ុន្តែ សម្ដេចក៏មិនទាន់បានបញ្ជាក់ថា កម្ពុជានឹងទិញវ៉ាក់សាំងកូវីដពីប្រទេសណាមួយឡើយ ហើយជម្រើសក្នុងការជ្រើសរើសនេះ កម្ពុជាកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយទេ។

គិតត្រឹមថ្ងៃទី១១ ខែធ្នូនេះ រាជរដ្ឋាភិបាលកម្ពុជាបានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ជាង ៤៥លានដុល្លារអាមេរិក។ក្នុងនោះមានលុយដុល្លារ ៤៤,៦៤៣,៧៦៦ដុល្លារ និងលុយខ្មែរ ១,៧០០,០១០,០០០រៀល (ស្មើ ៤២៥,០០២ដុល្លារ)៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង