ភ្នំពេញ៖ក្រុមប្រឹក្សាយុវជនអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ត្រៀមនឹងបើកកិច្ចពិភាក្សាក្រោមប្រធានបទ “សំឡេងនៃអនាគត” ដើម្បីផ្តល់ឱកាសឱ្យយុវជនអាចចូលរួមពិភាក្សាដោយផ្ទាល់ជាមួយនឹងអ្នកការទូតរបស់អាម៉េរិក និងថ្នាក់ដឹកនាំប្រទេសកម្ពុជាអំពី ទំនាក់ទំនងអាម៉េរិក និង កម្ពុជា ចែករំលែកគំនិត និង បញ្ហាប្រឈមរបស់កម្ពុជានាពេលអនាគត។
យោងតាមគេហទំព័រផ្លូវការរបស់ក្រុមប្រឹក្សាយុវជនអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីដាក់ពាក្យចូលរួមកម្មវិធីយុវជនត្រូវមានអាយុចាប់ពី១៨ ដល់៣០ឆ្នាំនិងអាចពិភាក្សាជាភាសាអង់គ្លេស។ យុវជនត្រូវតែមានចំណេះដឹងទូលំទូលាយទាក់ទងនឹងបញ្ហាសង្គម និងមានឆន្ទៈមុតមាំនៅក្នុងការពិភាក្សាយ៉ាងសកម្មជាមួយអ្នកការទូត និងថ្នាក់ដឹកនាំ។ មួយវិញទៀត យុវជនត្រូវមានពេលវេលាគ្រប់គ្រាន់ដើម្បីចូលេរួមវគ្គតម្រង់ទិស និងចូលរួមពេញលេញនៅថ្ងៃកិច្ចពិភាក្សា។ ឱកាសនេះគឺបើកសម្រាប់យុវជនមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា បើសិនបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ការពិភាក្សានេះជាកម្មវិធីដែលដឹកនាំដោយយុវជនក្រុមប្រឹក្សាយុវជនអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា និងទទួលបានគំនិតអំពីកម្មវិធីYSEALI ហើយកម្មវិធីនេះនឹងប្រព្រឹត្តិទៅរយៈពេលកន្លះថ្ងៃ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅឯAmCam Exchange Square៕