ថៃ៖ លោក ណាតាផុង រឿងផាន់យ៉ាវុទ្ធ មេដឹកនាំគណបក្សប្រជាជន បានប្រកាសថា គណបក្សលោកកំពុងរៀបចំដាក់ពាក្យប្តឹងសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ(EC) ពីបទបំពេញភារកិច្ចមិនត្រឹមត្រូវតាមមាត្រា ១៥៧ បន្ទាប់ពីមានការផ្លាស់ប្តូរទម្រង់សន្លឹកឆ្នោតក្នុងការបោះឆ្នោតសារជាថ្មីកាលពីថ្ងៃទី ២២ ខែកុម្ភៈ នៅខណ្ឌ Khan Na Yao ក្នុងទីក្រុងបាងកក។
យោងតាមការស្រង់សម្ដីលោក ណាតាផុងប្រាប់កាសែតThai Enquirer បង្ហាញថា សន្លឹកឆ្នោតថ្មីនេះបានលុបចោលលេខរៀងសម្គាល់ដែលធ្លាប់មាននៅផ្នែកខាងលើ ដែលសកម្មភាពនេះហាក់ដូចជាការទទួលស្គាល់ដោយប្រយោលនូវកំហុសឆ្គងបច្ចេកទេស ឬចន្លោះប្រហោងដែលកើតមានក្នុងការបោះឆ្នោតទូទាំងប្រទេសកាលពីថ្ងៃទី ៨ ខែកុម្ភៈ កន្លងទៅ។
ជាមួយគ្នានេះ មេដឹកនាំបក្សប្រឆាំងរូបនេះក៏បានទាមទារឱ្យ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បង្ហាញតម្លាភាពតាមរយៈការបញ្ចេញឯកសារលទ្ធផលឆ្នោតតាមការិយាល័យ (ទម្រង់ ៥/១១ និង ៥/១៨) ដើម្បីឱ្យសាធារណជនផ្ទៀងផ្ទាត់ឡើងវិញ ស្របពេលដែលមានការសង្ស័យពីការលួចបន្លំ និងការរំលោភលើការសម្ងាត់នៃសន្លឹកឆ្នោតតាមរយៈប្រព័ន្ធ Barcode ឬ QR Code។