ហ្សាកាតា៖ យោធាថៃបានបាញ់ពន្លិចទូកនេសាទរបស់ម៉ាឡេស៊ីមួយគ្រឿងបន្ទាប់ពីថៃបានចោទប្រកាន់ថាទូកនេសាទរបស់ម៉ាឡេស៊ីកំពុងតែនេសាទខុសច្បាប់ក្នុងដែនទឹករបស់ថៃ ដោយថៃអះអាងថាមុនការបាញ់ពន្លិចក្រុមមន្រ្តីថៃបានធ្វើសញ្ញាព្រមានទៅកាន់ក្រុមទូកនេសាទដែលមានប្រមាណ ១០ គ្រឿងតែក្នុងចំណោមនោះមានមួយគ្រឿងបានព្យាយាមមកបុកក្រុមល្បាតរបស់ថៃទើបថៃបាញ់ពន្លិច និងធ្វើការចាប់ខ្លួនអ្នកដែលនៅលើទូកនេសាទ។
យោងតាមអ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីឯក ប៉ារ៉ាច រតនាឆៃយ៉ាផាន បានបញ្ជាក់ថា ហេតុការណ៍នេះបានចាប់ផ្តើមកើតឡើងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់ពីអ្នកនេសាទថៃបានរាយការណ៍ថាមានទូកនេសាទខ្នាតតូចម៉ាឡេស៊ីចំនួនប្រាំបីទៅដប់គ្រឿងបាននេសាទខុសច្បាប់នៅក្នុងដែនទឹកថៃ ចម្ងាយប្រហែលប្រាំបីម៉ាយសមុទ្រពីកោះលីប៉េ។បន្ទាប់ពីរបាយការណ៍នេះ បញ្ជាការដ្ឋានតំបន់ទីបីនៃកងទ័ពជើងទឹកថៃបានដាក់ពង្រាយទូកល្បាតមួយគ្រឿងដើម្បីធ្វើការត្រួតពិនិត្យ
ឧត្តមនាវីឯករូបនេះបន្តទៀតថាទូកល្បាតថៃបានប្រើឧបករណ៍បំពងសម្លេងដើម្បីបញ្ជាឱ្យទូកនេសាទម៉ាឡេស៊ីបិទម៉ាស៊ីនរបស់ពួកគេ ហើយរៀបចំសម្រាប់ការត្រួតពិនិត្យ ក៏ប៉ុន្តែទូកនេសាទភាគច្រើនត្រូវបានបានព្យាយាមចាកចេញពីដែនទឹកថៃ ហើយក្នុងនោះមានទូកមួយគ្រឿងបានរំកិលខ្លួនយ៉ាងជិតនឹងទូកល្បាតរបស់ថៃនិងព្យាយាមចង់បុកក្រុមល្បាត ហើយក្រោយមកក៏បានការបាញ់ព្រមានរហូតដល់ទឹកលិច ដោយមានក្រុមនេសាទរងរបួស និងពីរនាក់ត្រូវបានចាប់ខ្លួន។ លោកបន្ថែមថា សមាជិកនាវិកទាំងបីនាក់នៃកប៉ាល់នេសាទម៉ាឡេស៊ីគឺជាពលរដ្ឋថៃដែលធ្វើការក្រោមកិច្ចសន្យានៅប្រទេសម៉ាឡេស៊ី។
ជនរងគ្រោះដែលរងរបួសកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមួយក្នុងខេត្ត Satun តំបន់ភាគខាងត្បូងបំផុតនៃប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសម៉ាឡេស៊ី។ ទន្ទឹមនឹងនេះ សមាជិកនាវិកពីរនាក់ផ្សេងទៀតត្រូវបានប្រគល់ឱ្យអាជ្ញាធរអនុវត្តច្បាប់ក្នុងស្រុក និងត្រូវបានឃុំខ្លួនដោយសេចក្តីសម្រេចរបស់តុលាការ។
គិតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតប និងអន្តរាគមន៍ពីម៉ាឡេស៊ីនៅឡើយនោះទេ៕