ក្រសួងអប់រំ៖ ក្រសួងអប់រំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានដាក់ចេញនូវយន្តការចំនួន ៣ចំណុចដើម្បីសម្រួលដល់ការស្នើសុំការបញ្ជាក់សញ្ញាបត្រពីក្រៅប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យន្តការទាំងនោះរួមមាន នាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សានៃក្រសួងអប់រំ មានតួនាទីទទួលបន្ទុកពិនិត្យ និងបញ្ជាក់សញ្ញាបត្ររបស់និស្សិតមកពីគ្រឹះស្ថានសិក្សាក្រៅប្រទេស។ រីឯសញ្ញាបត្រផ្នែកសុខាភិបាលជាបន្ទុករបស់ក្រសួងសុខាភិបាល។ ចំពោះអ្នកស្នើសុំសញ្ញាបត្រត្រូវបំពេញពាក្យស្នើសុំតាម QR code នៅក្នុងសេចក្តីជូនដំណឹង ហើយរៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោងជាទម្រង់PDF និងបញ្ជូនទៅកាន់តេឡេក្រាមលេខ ០៦៦ ៨២០ ០៤០។
ក្នុងនោះអ្នកស្នើសុំត្រូវនាំយកឯកសារច្បាប់ដើមដែលមានដូចជា សញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើច្បាប់ដើម និងច្បាប់ចម្លងមានបញ្ជាក់ពីអង្គភាពដែលចេញសញ្ញាបត្រ។ សញ្ញាបត្រ ឬវិញ្ញាបនបត្រដែលពាក់ព័ន្ធជាភាសា និងព្រឹត្តិបត្រពិន្ទុជាភាសាអង់គ្លេស។ លិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅគ្រប់ឆ្នាំអំឡុងពេលសិក្សា និងរបាយការណ៍ស្រាវជ្រាវប្រសិនបើមាន។ ឯកសារទាំងនេះប្រើសម្រាប់ផ្ទៀងផ្ទាត់ជាមួយមន្ត្រីទទួលបន្ទុកពិនិត្យ និងបញ្ជាក់សញ្ញាបត្រ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៣ មកទល់នឹងពេលបច្ចុប្បន្ននេះ ក្រសួងបានបញ្ជាក់សញ្ញាបត្រមកពីក្រៅប្រទេសចំនួន ៨៨៤២ សន្លឹក។ ក្រៅពីនេះមានសញ្ញាបត្រចំនួន ២០ ករណីដែលមិនបានបញ្ជាក់ជូន។ បើសិនជាអ្នកស្នើសុំចង់សាកសួរព័ត៌មានបន្ថែមអាចសាក់សួរបន្ថែមតាមរយៈតេឡេក្រាមដដែល និងលេខទូរស័ព្ទ ០១២ ៤៥៦ ៤៥៨៕