ថៃ៖ សាលារៀនមួយកន្លែង នៅក្នុងខេត្តផាំងង៉ា (Phang Nga) ប្រទេសថៃ នៅថ្ងៃ២០កុម្ភៈនេះបានប្រកាសផ្អាកការសិក្សាបន្ទាប់ពីមាន«ករណីបាញ់ប្រហារដ៏រន្ធត់មួយ»នៅក្បែរសាលាបឋមសិក្សា Ban Bang Wah ដែលបណ្តាលឱ្យបុរសវ័យ ៦៤ ឆ្នាំម្នាក់បាត់បង់ជីវិត។
យោងតាមកាសែតថៃKhaosod ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៧:៣០ ព្រឹក ក្នុងភូមិទី ៩ ឃុំ Khura ស្រុក Khura Buri ប្រទេសថៃ។ដោយសារតែខ្មាន់កាំភ្លើងនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ទើបខាងសាលាសម្រេចចិត្តឱ្យសិស្សានុសិស្សត្រឡប់ទៅផ្ទះវិញនៅវេលាម៉ោង ១០:៣០ ព្រឹក ដើម្បីធានាសុវត្ថិភាពដល់សិស្ស និងបុគ្គលិកអប់រំ។
មកទល់ពេលនេះ អាជ្ញាធរថៃ កំពុងបន្តស៊ើបអង្កេត និងតាមប្រមាញ់ជនដៃដល់ ខណៈគេរំពឹងថាសាលានឹងបើកដំណើរការឡើងវិញនៅថ្ងៃ២៣ ខែកុម្ភៈខាងមុខនេះ ប្រសិនបើស្ថានភាពវិលមករកភាពប្រក្រតីវិញ។