អាម៉េរិក៖ ប្រធានាធិបតី ដូណាល់ត្រាំ បានព្រមានទៅកាន់អ៊ីរ៉ង់ជាថ្មីម្តងទៀតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថាអ៊ីរ៉ង់ត្រូវតែធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬ «រឿងអាក្រក់មែនទែន» នឹងកើតឡើង ហើយឱសានវាទផុតកំណត់ពី ១០ ទៅ ១៥ ថ្ងៃ ខាងមុខនេះតែប៉ុណ្ណោះប្រសិនបើអ៊ីរ៉ង់គ្មានលទ្ធផលវិជ្ជមានណាមួយផ្តល់ជូនមកកាន់សហរដ្ឋអាម៉េរិកវិញ។ លោកត្រាំបានបញ្ជាក់ទៀតថាការចរចាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏តានតឹងកំពុងដំណើរការទៅដោយរលូន ប៉ុន្តែលោកទាមទារឱ្យអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀង «ដែលមានអត្ថន័យ»ជាមួយសហរដ្ឋអាម៉េរិក និងបញ្ឈប់ការផលិតនុយន្លេអ៊ែរ។
ថ្លែងក្នុងយន្តហោះ AIR FORCE ONE កាលពីម្សិលមិញនេះលោកប្រធានាធិបតីបានរម្លឹកអំពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិកដែលបានធ្វើឡើងក្នុងខែមិថុនាលើទីតាំងមូលដ្ឋាននុយក្លេអ៊ែរបស់អ៊ីរ៉ង់ ដោយលោកអះអាងថាសក្តានុពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ លោកថាប្រតិបត្តិការផ្សេងទៀតប្រហែលជាត្រូវបោះជំហានទៅមុខទៀត។ លោកបានប្រាប់ទៀតថា «អ្នកនឹងដឹងក្នុងរយៈពេលប្រហែល ១០ ថ្ងៃខាងមុខ»ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក។
ជាការឆ្លើយតបនៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួននឹងមិនចាប់ផ្តើមសង្គ្រាមណាមួយឡើយ ប៉ុន្តែក្នុងករណីដែលខ្លួនត្រូវទទួលរងនូវការឈ្លានពានខាងយោធាណាមួយ អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងលឿនបំផុត ក្នុងការអនុវត្តសិទ្ធិការពារខ្លួន។ លិខិតដែលបានផ្ញើនោះបានបញ្ជាក់ថាមូលដ្ឋាន សម្ភារៈ និងទ្រព្យសម្បត្តិទាំងអស់របស់កម្លាំងអាម៉េរិកនៅក្នុងតំបន់នឹងបង្កើតជាគោលដៅស្របច្បាប់របស់អ៊ីរ៉ង់ក្នុងការវាយប្រហារត្រឡប់ ហើយសហរដ្ឋអាម៉េរិកនឹងទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់ចំពោះផលវិបាកដែលមិនអាចទាយទុកជាមុនបាន និងមិនអាចគ្រប់គ្រងបាន៕