ថៃ៖ លោក យោចាណាន់ វង្សសុវ៉ាត់ មេដឹកនាំបក្សភឿថៃ និងជាបេក្ខភាពនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ កុម្ភៈ បានចេញមុខបកស្រាយ និងសុំទោសចំពោះអ្នកគាំទ្រខ្លួនជាសាធារណៈ បន្ទាប់ពីគណបក្សរបស់លោកបានសម្រេចចិត្តចូលរួមក្នុងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភូមិចៃថៃរបស់លោកអនុទីន។ លោកបានទទួលស្គាល់ថា នេះគឺជាការសម្រេចចិត្តដ៏លំបាកបំផុតរវាងការធ្វើជាបក្សប្រឆាំង និងការចូលរួមក្នុងរដ្ឋាភិបាល ប៉ុន្តែសមាជិកភាគច្រើនរបស់បក្ស បានបោះឆ្នោតយល់ព្រមឱ្យចូលរួម ដើម្បីឱ្យបក្សអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចថៃជាបន្ទាន់ និងស្តារទំនុកចិត្តពីពលរដ្ឋថៃឡើងវិញក្នុងបរិបទនយោបាយដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។
តាមកាសែតថៃ Khaosod ទោះបីជាមានការរិះគន់ និងភាពមិនពេញចិត្តពីអ្នកគាំទ្រមួយចំនួនក៏ដោយ លោក យោចាណាន់ បានសង្កត់ធ្ងន់ថា លោកគោរពរាល់មតិយោបល់ទាំងអស់ពីអ្នកគាំទ្រ ហើយប្តេជ្ញានឹងបន្តឈរជើងជាមួយគណបក្សភឿថៃ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងប្រព័ន្ធប្រជាធិបតេយ្យ រហូតដល់ថ្ងៃដែលគណបក្សលោកអាចទទួលបានជ័យជម្នះជាថ្មីម្តងទៀត។
គួរបញ្ជាក់ថា គណបក្ស ភឿថៃ ដែលទទួលបាន ៧៤ អាសនៈ ក្នុងការបោះឆ្នោតជាតិថៃ នៅថ្ងៃ១៣ កុម្ភៈកន្លងទៅ បានប្រកាសជាផ្លូវការថានឹងគាំទ្រលោក អនុទីន ធ្វើជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យសំឡេងសរុបនៃបក្សទាំងពីរឡើងដល់ ២៦៧ អាសនៈ ពោលគឺលើស ២៥១សម្លេង ដែលត្រូវការដើម្បីដឹកនាំរដ្ឋាភិបាលថៃ។