ព្រៃវែង៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំ “ពិធីប្រគល់-ទទួលសម្ភារឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខេត្តព្រៃវែង” ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម។
លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអបអរសាទរមន្ត្រីមូលដ្ឋាន និងរដ្ឋបាល ឃុំ/សង្កាត់ ចំពោះការទទួលបានឧបករណ៍ឌីជីថលទាំងនោះ និងជំរុញឱ្យចូលរួមថែរក្សា និងប្រើប្រាស់ឧបករណ៍នីមួយៗ ឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការផ្តល់សេវាមានគុណភាពខ្ពស់ និងទាន់ពេលជូនពលរដ្ឋ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីប្រគល់-ទទួលសម្ភារឌីជីថល ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានគូសបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមនៅកម្ពុជា ទទួលជោគជ័យ និងសម្រេចបានផ្លែផ្កាគួរជាទីមោទនៈ ពោល គឺបានធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជីជាច្រើន ក្នុងប្រព័ន្ធគាំពារសង្គម លើថ្នាលឌីជីថលរួមតែមួយ និងអាចធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីរួម ដោយមិនបោះបង់ចោលប្រព័ន្ធដែលមានស្រាប់របស់ប្រតិបត្តិករណាមួយ ក៏ដូចជាផ្តល់ភាពងាយស្រួលសម្រាប់មន្ត្រីអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រើប្រាស់ “ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា”។
រដ្ឋលេខាធិការរូបនេះបន្តថា ថ្នាលឌីជីថលនេះ ត្រូវបានអភិវឌ្ឍឡើងដោយបំពាក់នូវមុខងារទំនើបៗ ដែលនឹងជួយបង្កើនល្បឿន, សុក្រឹតភាព, និងគុណភាពនៃទិន្នន័យ ឈានទៅកាត់បន្ថយការចុះបញ្ជីស្ទួន និងពង្រឹងអភិបាលកិច្ចឌីជីថល សំដៅជំរុញប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែមានភាពទន់ភ្លន់ និងធន់ ក្នុងការឆ្លើយតបនឹងគ្រោះអាសន្ន ក៏ដូចជាគាំទ្រដល់ការសម្រេចចិត្តលើគោលនយោបាយផ្អែកលើទិន្នន័យជាក់ស្តែង។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ឬ DSPP ដែលជាសមិទ្ធផលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ សមិទ្ធផលទាំងនេះ នឹងរួមចំណែកក្នុងការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការ ចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍ស្ទួន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារស្រដៀងគ្នា។
សូមរំលឹកថា ស្របតាមផែនការពង្រីកវិសាលភាពដែលបានអនុម័តដោយក្រុមប្រឹក្សាជាតិគាំពារសង្គម, ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា នឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដោយគ្រោងពង្រីកការអនុវត្តទៅដល់ខេត្តគោលដៅចំនួន ១៥ ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ និងឈានទៅសម្រេចការអនុវត្តក្នុងវិសាលភាពទូទាំងប្រទេស នៅដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ៕