រូបភាព៖ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ភ្នំពេញ៖ មន្ទីរពិសោធន៍ជាតិ ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សាចាប់ពីឆ្នាំទី៣ ឡើងទៅឱ្យចូលបម្រើជាបុគ្គលិកហាត់ការរយៈពេល ៣ខែទៅលើមុខងារដូចជា ហិរញ្ញវត្ថុ និងគណនេយ្យ ការអភិវឌ្ឍន៍អាជីវកម្ម (ទីផ្សារ និងទំនាក់ទំនង) ធនធានមនុស្ស និងរដ្ឋបាល មន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ មន្ទីរពិសោធន៍គីមី (អាហារ និងទឹក) មន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច។
យោងតាមគេហទំព័រផ្លូវការរបស់មន្ទីរពិសោធន៍ជាតិ សម្រាប់លក្ខត្តិកៈនៃការដាក់ពាក្យតម្រូវឱ្យបេក្ខជនជានិស្សិតសិក្សានៅឆ្នាំទី៣ឡើងទៅនិងសិក្សាលើជំនាញដែលពាក់ព័ន្ធជាមួយជំនាញដែលជ្រើសរើស និងអាចធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ នៅក្នុងអំឡុងពេលហាត់ការ បេក្ខជននឹងទទួលបានបទពិសោធន៍ជាក់ស្តែង តាមរយៈការបង្ហាត់បង្ហាញអភិវឌ្ឍជំនាញដោយផ្ទាល់ និងការណែនាំពីអ្នកណែនាំ។
គួរជម្រាបផងដែរថា បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ តំណរភ្ជាប់ និងទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ០១៧ ៧៤ ៨៤ ៦៧ ដើម្បីទទួលបានព័ត៌មានបន្ថែម។ ការជ្រើសរើសបុគ្គលិកហាត់ការជំនាន់ទី៥នេះ នឹងបិទពាក្យនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦៕