681 ezgif.com resize
Swift cc time

មន្ទីពេទ្យកុមារអង្គរ ត្រូវការជំនួយ១.៥លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌល«ព្យាបាលជំងឺភ្នែកកុមារ»ដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរ ត្រូវការជំនួយឧបត្ថម្ភពីសប្បុរសប្រមាណ១.៥លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺភ្នែកកុមារដោយឥតគិតថ្លៃ។ ជំនួយទាំងនេះ នឹងយកទៅសាងសង់អគារ និងទិញសម្ភារៈបរិក្ខារពេទ្យសម្រាប់បម្រើឱ្យការពិនិត្យ និងព្យាបាលជំងឺភ្នែកដល់កុមារកម្ពុជា។ ការបង្កើតជាមជ្ឈមណ្ឌលព្យាបាលជំងឺភ្នែកកុមារនេះ គឺដើម្បីបំពេញតម្រូវការក្នុងការព្យាបាល និងវះកាត់ភ្នែកលើកុមារ ការពង្រីកសេវាកម្មឯកទេស និងបណ្តុះបណ្តាលឯកទេសភ្នែកកុមារ ពង្រីកមន្ទីរពេទ្យឱ្យទៅជាមជ្ឈមណ្ឌលឯកទេស ដែលមានសមត្ថភាពអាចព្យាបាល និងគ្រប់គ្រងស្ថានភាពជំងឺស្មុគស្មាញ ដូចជា ជំងឺបាតភ្នែក កុមារ (Paediatric Retina) និងការសង្គ្រោះរបួសធ្ងន់ធ្ងរកម្រិតខ្ពស់ (Advanced Trauma)។

មន្ទីរពេទ្យកុមារអង្គរទទួលពិនិត្យ និងព្យាបាលកុមារចំនួន១២ម៉ឺននាក់ក្នុង១ឆ្នាំៗ ហើយមន្ទីរពេទ្យត្រូវការចំណាយថវិកាប្រមាណ៦លានដុល្លារជារៀងរាល់ឆ្នាំ។ ថវិកាចំនួន៥០ដុលារ អាចជួយកុមារម្នាក់ឱ្យទទួលបានការពិនិត្យ និងព្យាបាល។ ប៉ុន្តែ ចំពោះការពិនិត្យ និងព្យាបាលជំងឺភ្នែកកុមារនៅមន្ទីរពេទ្យកុមារអង្គរ មិនទាន់មានភាពទូលំទូលាយនៅឡើយទេ ដោយមន្ទីរពេទ្យត្រូវការជំនួយឧបត្ថម្ភពីសប្បុរសប្រមាណ១.៥លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺភ្នែកកុមារដោយឥតគិតថ្លៃ។

លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា ការបង្កើតជាមជ្ឈមណ្ឌលព្យាបាលជំងឺភ្នែកកុមារនេះ ក៏ដើម្បីពង្រឹងគុណភាពនៃការថែទាំ ដែលមានគោលដៅលើកកម្ពស់គុណភាព និងសុវត្ថិភាព កាត់បន្ថយពេលវេលារង់ចាំរបស់អ្នកជំងឺ និងការពន្យាពេលព្យាបាល និងវះកាត់ ហើយក៏អនុលោមតាមផែនការជាតិដែលគាំទ្រដល់ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាលរបស់កម្ពុជា ឆ្នាំ ២០២៥-២០៣៤ និងសម្រេចឱ្យបាននូវគោលដៅនៃការបង្ការការបាត់បង់គំហើញ។

នាយកមន្ទីរពេទ្យកុមារអង្គរ បានបន្តថា ការចូលរួមជួយឧបត្ថម្ភពីសំណាក់សប្បុរសជនដល់ការបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺភ្នែកកុមារនេះ គឺអាចជួយដល់ការពិនិត្យព្យាបាលជំងឺភ្នែកកុមារពី១៤,០០០ករណីក្នុង១ឆ្នាំ ទៅដល់២៥,០០០ករណីក្នុង១ឆ្នាំ នៅឆ្នាំ២០៣០។ ចំណែក ការវះកាត់វិញ នឹងបង្កើនពី៣,០០០ការវះកាត់ក្នុង១ឆ្នាំ ទៅដល់ ៥,០០០ការវះកាត់ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ខណៈដែលការកាត់វ៉ែនតា នឹងបង្កើនពី៣,៤០០វ៉ែនតាក្នុង១ឆ្នាំ ទៅដល់៦,០០០វ៉ែនតាក្នុង១ឆ្នាំ នៅឆ្នាំ២០៣០។

គួររម្លឹកថា មន្ទីរពេទ្យកុមារអង្គរបានបង្កើតគ្លីនិកព្យាបាលជំងឺភ្នែកកុមារនៅក្នុងឆ្នាំ២០០២។ បើគិតពីឆ្នាំ២០០៤មកដល់ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យបានប្រឹក្សាជំងឺភ្នែកដល់កុមារចំនួន២១៣, ៨២២នាក់ ការវះកាត់ចំនួន៤២,៥១២នាក់ចន្លោះពីឆ្នាំ២០០៧ដល់ឆ្នាំ២០២៥ ការពិនិត្យភ្នែកនៅតាមសាលារៀនមាន១៤១,៤៤២នាក់ និងការកាត់វ៉ែនតាមានចំនួន៩,៤៩៩នាក់៕

Khcct banner

អត្ថបទទាក់ទង