Img 1426
Swift cc time

អង្គការសេរីភាពកម្ពុជាអូស្ត្រាលី ផ្តល់ជូនវគ្គបណ្តុះបណ្តាលសម្រាប់ក្មេងស្រី ដើម្បីពង្រឹងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

រូបភាព៖​ AusCam Freedom Project អង្គការសេរីភាពកម្ពុជាអូស្ត្រាលី

ភ្នំពេញ៖ អង្គការសេរីភាពកម្ពុជាអូស្ត្រាលី ប្រកាសផ្តល់ឱកាសក្មេងស្រីដែលមានអាយុពី១៣ ទៅ២៣ឆ្នាំចូលរួមវគ្គបណ្តុះបណ្តាលដែលមានឈ្មោះថា SAFE sister ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៅលើប្រព័ន្ធអនឡាញសម្រាប់ក្មេងស្រីដោយផ្ទាល់ ដែលរួមមានការលួងលោមតាមអនឡាញ និងការជួញដូរ និងជម្រុញឱ្យពួកគេក្លាយជាអ្នកការពារក្នុងសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទទាំងផ្ទាល់ និងប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការរបសើអង្គការសេរីភាពកម្ពុជាអូស្រ្តាលី វគ្គបណ្តុះបណ្តាលក្នុងកម្រិតទី១នេះនឹងធ្វើឡើងជាស៊េរីចំនួន ៦វគ្គ ដែលវគ្គទី១ ទាក់ទងនឹងការយល់ដឹងពីចំណេះដឹងទាក់ទងនឹងការកេងប្រវ័ញ្ច។ វគ្គទី២ ទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គមឱ្យមានសុវត្ថិភាព។ វគ្គទី៣ យល់ដឹងពីការយល់ព្រមនិងទំនាក់ទំនងដែលមានសុវត្ថិភាព។ វគ្គទី៤ សិក្សាអំពីរបៀបនៃការរាយការណ៍នៅពេលដែលមានករណីកេងប្រវ័ញ្ចកើតឡើង។ វគ្គទី៥ សិក្សាពីគន្លឹះនៃការថែទាំខ្លួន និងកាត់បន្ថយភាពតានតឹង។ វគ្គទី៦ ជាវគ្គចុងក្រោយដែលបិទបញ្ចប់វគ្គសិក្សានិងឆ្លុះបញ្ចាំងពីការសិក្សា។ អំឡុងពេលសិក្សាបេក្ខជននឹងទទួលបានសម្ភារៈសំខាន់ៗក្នុងការសិក្សាដោយឥតគិតថ្លៃ ហើយបន្ទាប់ពីបញ្ចប់កម្រិតនេះបេក្ខជននឹងទទួលបានវិញ្ញាបនបត្រព្រមទាំងអាចឈានទៅសិក្សានៅកម្រិតបន្ទាប់។

បើតាមប្រភពដដែល សម្រាប់លក្ខខណ្ឌនៃការដាក់ពាក្យគឺតម្រូវឱ្យជាក្មេងស្រីដែលមានអាយុពី ១៣ទៅ ២៣ឆ្នាំ និងមានចំណាប់អារម្មណ៍សិក្សាអំពីសុវត្ថិភាពអនឡាញ ព្រមទាំងអាចធ្វើដំណើរសិក្សានៅការិយាល័យរបស់AusCam។ បេក្ខនារីក៏ត្រូវតែអាចចូលរួមវគ្គបណ្តុះបណ្តាលគ្រប់វគ្គទាំងអស់ដែលចាប់ផ្តើមពីខែមីនា ដល់ខែកញ្ញា និងប្តេជ្ញាទៅសិក្សានៅវគ្គបន្ទាប់។ បើបេក្ខនារី​ មានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមបញ្ជាក់ផងដែរថា អង្គការសេរីភាពកម្ពុជា អូស្ត្រាលីជាអង្គការមួយដែលផ្តល់អំណាចដល់ក្មេងស្រី និងស្រ្តីវ័យក្មេងដើម្បីឱ្យពួកគេទទួលបានការការពារ និងមានសុវត្ថិភាព៕

Khcct banner

អត្ថបទទាក់ទង