ភ្នំពេញ៖ ជប៉ុន នាថ្ងៃទី១២ កុម្ភៈ បានសម្រេចផ្តល់ជំនួយឥតសំណងប្រមាណ ១លាន៥សែនដុល្លារអាម៉េរិក គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែន ដោយជំនួយទាំងនេះ នឹងរួមចំណែកដល់ការស្តាហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ផ្តល់ជាប័ណ្ណអង្ករ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។
ថ្ងៃទី១២ ខែកុម្ភៈ លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី រួមជាមួយលោកស្រី ផាក ឃ្យុងណាន តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី គម្រោងជំនួយឥតសំណង “ការស្តារជីវភារស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន (ក្នុងភាពជាដៃគូជាមួយ WFP) ដែលមានទឺកប្រាក់សរុបចំនួន២២០ លានយ៉េន (ប្រមាណ១ លាន៥សែនដុល្លារអាមេរិក)។
ជំនួយនេះនឹងផ្តល់ជាប័ណ្ណអង្ករ និងស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះ ព្រំដែនរួមទាំងជនភៀសសឹកកំពុងជ្រកកោននៅតំបន់ភាសសឹកតាមតំបន់ព្រំដែនរបស់កម្ពុជា ជនភៀសសឹកដែលបានត្រឡប់ទៅលំនៅស្ថានដើមវិញ និងពលករដែលបានវិលត្រឡប់មកកម្ពុជាវិញផងដែរ។ ជំនួយនេះនឹងរួមចំណែកដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលខូចខាត និងជួយស្តារជីវភាពរស់នៅ និងកែលម្អអាហារូបត្ថម្ភ៕