ភ្នំពេញ៖ សមាគមន៍ក្លឹបទេសចរណ៍ខេត្តសៀមរាប សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចរយៈពេល ៨ខែដោយឥតគិតថ្លៃដល់សិក្ខាកាមចំនួន ២០០នាក់។ ជំនាញបដិសណ្ឋារកិច្ចរួមមាន ផ្នែកការិយាល័យជួរមុខចំនួន៥០នាក់ ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ៥០នាក់ ផ្នែកគេហកិច្ច៥០នាក់ និងផ្នែកចុងភៅ៥០នាក់។វគ្គសិក្សានេះ នឹងចាប់ផ្តើមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅក្នុងខេត្តសៀមរាប។
បើតាមការចេញផ្សាយរបស់រដ្ឋបាលឃុំរលួសនៃខេត្តសៀមរាប ថ្នាក់បណ្តុះបណ្តាលនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដូចជា ការសិក្សាទាំងមូលគឺស្របតាមស្តង់ដា ASEAN-MRA-TP។ សិក្ខាកាម នឹងទទួលបានជំនាញច្បាស់លាស់តាមរយៈការសិក្សាទ្រឹស្តី អនុវត្តក្នុងថ្នាក់ និងចុះកម្មសិក្សាតាមបណ្តាក្រុមហ៊ុនដៃគូនានារបស់សាលា។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱ្យនូវសម្ភារៈសិក្សាចំនួនមួយឈុត អាវយឺតសម្រាប់ពាក់អំឡុងពេលសិក្សាផងដែរ។ បន្ថែមពីនេះ សិក្ខាកាមនឹងទទួលបានកញ្ចប់ថវិកា ៦០ដុល្លារក្នុងមួយខែ អាហារបីពេល ការគាំទ្រលើការថែទាំសុខភាពរយៈពេល ៨ខែ និងកន្លែងស្នាក់នៅសម្រាប់សិក្ខាកាមដែលមកពីខេត្តផ្សេងៗ និងឆ្ងាយពីកន្លែងសិក្សា។ បន្ទាប់ពីបញ្ចប់វគ្គសិក្សាសិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពីក្រសួងទេសចរណ៍ ហើយសាលានឹងជួយស្វែងរកការងារឱ្យធ្វើ១០០ភាគរយ។
គួររម្លឹកផងដែរថា ដើម្បីដាក់ពាក្យសូមទាក់ទងទៅកាន់ទូរស័ព្ទលេខ ០៩៦ ២១១ ២៩៨៦, ០៩៥ ៩០៨ ៨៦៦, ០៩៧ ៤៩៨ ៦៦០៩, ០១១ ៩៨៦ ៩៨៧, និង០៩៧ ២៥៦ ៤៦៤៩ ឱ្យបានត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ គួបផ្សំនឹងនេះសិក្ខាកាមត្រូវមានអាយុពី១៨ ទៅ២៥ឆ្នាំ និងមានកម្រិតវប្បធម៌ចាប់ពីថ្នាក់ទី ៩ឡើងទៅ ព្រមទាំងមានចំណេះដឹងភាសាអង់គ្លេសខ្លះៗ៕