ចិន៖ ក្រសួងការបរទេសចិននៅថ្ងៃ១១កុម្ភៈ បានទាត់ចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកជុំវិញការសាកល្បងបំផ្ទុះនុយក្លេអ៊ែរ ដោយចាត់ទុកថាជាការប្រឌិតគ្មានមូលដ្ឋានរបស់សហរដ្ឋអាម៉េរិកក្នុងគោលបំណងបង្កើតលេសឱ្យខ្លួនឯងអាចចាប់ផ្តើមសាកល្បងអាវុធឡើងវិញ និងដើម្បីធ្វើជា «បងធំ» គ្រងអំណាចផ្នែកនុយក្លេអ៊ែរតែម្នាក់ឯងប៉ុណ្ណោះ។នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
លោក Lin Jian អ្នកនាំពាក្យចិន បានរិះគន់ថា អាម៉េរិកគឺជាអ្នកបង្កបញ្ហាដល់សន្តិសុខពិភពលោក។ លោកបន្តថា អាម៉េរិកបានបណ្តោយឱ្យកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធអស់សុពលភាព ចំណាយលុយវាល់លានដើម្បីធ្វើអាវុធថ្មីៗ ហើយចូលចិត្តប្រើ «ស្តង់ដារពីរ» មានន័យថា ខ្លួនឯងធ្វើបាន តែហាមគេមិនឱ្យធ្វើ លើរឿងអាវុធនុយក្លេអ៊ែរនេះ។
ជាចុងក្រោយ ចិនបានជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមការប្តេជ្ញាចិត្តអន្តរជាតិក្នុងការផ្អាកការសាកល្បងនុយក្លេអ៊ែរ ខណៈពេលដែលចិនផ្ទាល់នៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយការពារខ្លួន និងការអភិវឌ្ឍដោយសន្តិវិធី។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាម៉េរិកបានចោទប្រកាន់ចិនថា កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងរហ័ស និងលួចលាក់។ ចំណែកឯចិនវិញ បានបដិសេធ ហើយវាយបកថា អាម៉េរិកគ្រាន់តែចង់បង្កើនកម្លាំងយោធារបស់ខ្លួន និងចង់គ្រប់គ្រងពិភពលោកតែម្នាក់ឯង (Hegemony) ទើបព្យាយាមទម្លាក់កំហុសមកលើចិន។