ចិន៖ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសមហាអំណាចចិន នៅថ្ងៃទី ១១ កុម្ភៈនេះ បានប្រកាសគាំទ្រ និងកោតសរសើរពីដំណើរការបោះឆ្នោតសកលរបស់ប្រទេសថៃដែលទើបបានបញ្ចប់កាលពីថ្ងៃទី ៨ កុម្ភៈកន្លងទៅ ហើយលោកអានុទីន ទទួលបានការគាំទ្រច្រើន។ចិនបានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ធ្វើការជាមួយរាជរដ្ឋាភិបាលថ្មីរបស់ថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសពីជំហររបស់ក្រសួងការបរទេសចិនថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ប្រទេសថៃ ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។
បើតាមអ្នកនាំពាក្យរូបនេះ យល់ថា ដំណើរការបោះឆ្នោតសកលនៅប្រទេសថៃ គឺបានរៀបចំដោយរលូន ហើយក្នុងនាមជាអ្នកជិតខាងដ៏ជិតស្និទ្ធ និង រួសរាយរាក់ទាក់របស់ថៃ ចិនគាំទ្រប្រទេសថៃ ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និង រក្សាស្ថិរភាព និងការអភិវឌ្ឍ។
ជាមួយគ្នានោះ លោកអះអាងថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសថៃ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗ ធ្វើឱ្យស៊ីជម្រៅ និងបំពេញបន្ថែមទៀតនូវការកសាងសហគមន៍វាសនារួមចិន-ថៃ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ៕