ថៃ៖ ក្រុមនិស្សិតនិងសកម្មជនថៃកាលពីល្ងាចថ្ងៃ១០កុម្ភៈ បានប្រមូលផ្ដុំគ្នាចុះផ្លូវចេញតវ៉ានៅមុខទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងប្រទេស ក្រោយពីរកឃើញមានភាពមិនប្រក្រតីជាច្រើនអំឡុងពេលការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ ក្រុមមកធ្វើការតវ៉ាបានបង្ហាញពីបញ្ហាស្រដៀងគ្នានៅតាមមណ្ឌលបោះឆ្នោតជាច្រើន រួមមានការដាច់ភ្លើងពេលកំពុងរាប់សន្លឹកឆ្នោត ភាពខុសគ្នារវាងលទ្ធផលប្រកាសនិងចំនួនសន្លឹកឆ្នោតជាក់ស្តែង ព្រមទាំងការសង្ស័យលើការក្លែងបន្លំតួលេខជាដើម។
តាមការផ្សាយរបស់កាសែត Khaosod មេដឹកនាំសកម្មភាពតវ៉ានេះ គឺ លោក Teerapop Tengpravat បានដាក់ញត្តិទាមទារលក្ខខណ្ឌសំខាន់ៗចំនួន ៥ ចំណុច រួមមានការរាប់សន្លឹកឆ្នោតឡើងវិញដោយតម្លាភាព ការស៊ើបអង្កេតលើមន្ត្រីពាក់ព័ន្ធ ការបើកចំហទិន្នន័យកម្រិតមណ្ឌល ការបោះឆ្នោតឡើងវិញនៅមណ្ឌលដែលមានបញ្ហា និងការទាមទារឱ្យសមាជិកគណៈកម្មាធិការបោះឆ្នោតទាំង ៧ រូបលាលែងពីតំណែងដើម្បីទទួលខុសត្រូវ។
ជាការឆ្លើយតប តំណាងគណៈកម្មការរៀបចំការបោះឆ្នោត លោក Nattawat Sangiensak បានចេញមកទទួលញត្តិរបស់អ្នកតវ៉ា និងសន្យាថានឹងបង្ហោះទិន្នន័យលទ្ធផលលើគេហទំព័រក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ។
គួររម្លឹកថាគិតមកទល់ពេលនេះ ភាពតានតឹងនៅតែកើតឡើងនៅទូទាំងមណ្ឌលបោះឆ្នោតរបស់ថៃ ដោយសារក្រុមបាតុករមិនពេញចិត្តនឹងចម្លើយរបស់តំណាងគណៈកម្មការជាតិរៀបចំការបោះឆ្នោតឡើយ ដោយពួកគេយល់ថាជាការឆ្លើយតបតាមបែបបទរដ្ឋបាលខ្វះភាពច្បាស់លាស់ និងការបោះឆ្នោតមិនតម្លាភាព៕