681 ezgif.com resize
Swift cc time

កូរ៉េខាងត្បូង ផ្តល់ជំនួយ ៥០ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីជួយដល់កុមារ និងគ្រួសាររងផលប៉ះពាល់ដោយសារវិបត្តិព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០កុម្ភៈ បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០០.០០០ ដុល្លារអាម៉េរិក ដល់យូនីសេហ្វប្រចាំកម្ពុជា ដើម្បីជួយដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ ថវិកានេះនឹងផ្តល់លទ្ធភាពឲ្យយូនីសេហ្វអនុវត្តកម្មវិធីរយៈពេល ១២ខែ លើវិស័យអប់រំ ទឹកស្អាត និងអនាម័យ និងកិច្ចការពារកុមារ ដើម្បីគាំទ្រដល់ការស្តារឡើងវិញរបស់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះនៅក្នុងប្រទេសកម្ពុជា លើកកម្ពស់ភាពធន់ និងវិនិយោគលើអនាគតរបស់ក្មេងជំនាន់ក្រោយ។

តាមរយៈជំនួយនេះ យូនីសេហ្វនឹងធ្វើការជាមួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថា កុមារដែលរងផលប៉ះពាល់ដោយជម្លោះ អាចទទួលបានការអប់រំប្រកបដោយសុវត្ថិភាព ស្តារការសិក្សាឡើងវិញ ទទួលបានសេវាទឹកស្អាត និងអនាម័យនៅតាមសាលារៀន និងទទួលបាននូវបរិយាកាសការពារកាន់តែប្រសើរឡើងនៅក្នុងតំបន់ភៀសសឹក និងនៅក្នុងសហគមន៍របស់ពួកគេ។ជំនួយនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់សាធារណរដ្ឋកូរ៉េ និងយូនីសេហ្វ ក្នុងការជួយសហគមន៍ដែលរងផលប៉ះពាល់ឲ្យទទួលបានមកវិញនូវភាពប្រក្រតី និងពង្រឹងភាពធន់របស់ពួកគេក្នុងអំឡុងពេលនៃការស្តារឡើងវិញនេះ។

លោក គីម ឆាងយ៉ុង (Kim Chang Yong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «សាធារណរដ្ឋកូរ៉េឈរនៅជាមួយប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាកនេះ។ យើងសង្ឃឹមថា ជំនួយនេះនឹងជួយឲ្យកុមារអាចត្រឡប់ទៅសាលារៀនវិញដោយសុវត្ថិភាព ទទួលបានទឹកស្អាត និងអនាម័យ និងសេវាគាំពារចាំបាច់នានា ព្រមទាំងជួយសហគមន៍ក្នុងការស្តារ និងកសាងភាពធន់ឡើងវិញ។ ការវិនិយោគលើអនាគតរបស់ក្មេងជំនាន់ក្រោយ គឺជាអាទិភាពសម្រាប់សាធារណរដ្ឋកូរ៉េ ហើយយើងមានមោទកភាពដែលបានចាប់ដៃគូជាមួយយូនីសេហ្វ ដើម្បីធានាបាននូវការផ្តល់ជំនួយទាន់ពេលវេលា និងមានអត្ថន័យសម្រាប់ប្រជាពលរដ្ឋដែលត្រូវការបំផុត»។

ជំនួយនេះនឹងជួយគាំទ្រដល់ការបើកដំណើរការឡើងវិញយ៉ាងឆាប់រហ័សនូវទីកន្លែងសិក្សាប្រកបដោយសុវត្ថិភាព តាមរយៈការបង្កើតថ្នាក់រៀនបណ្តោះអាសន្ន ការផ្តល់ឧបករណ៍សិក្សាបែបឌីជីថល និងការគាំទ្រដល់ការបង្រៀនបំប៉ន ដែលអនុញ្ញាតឲ្យកុមារជាង ២៤.០០០នាក់ អាចត្រឡប់មករៀនវិញបន្ទាប់ពីមានការខកខានជាច្រើនខែ។

គម្រោងនេះក៏នឹងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅក្នុងសាលារៀនដែលរងការខូចខាត និងផ្តល់សម្ភារអនាម័យចាំបាច់នានា ដែលជួយឲ្យសិស្ស និងគ្រូបង្រៀនយ៉ាងតិច ២០.០០០នាក់ អាចរៀន និងបង្រៀនក្នុងលក្ខខណ្ឌដែលមានសុខភាពល្អ និងសុវត្ថិភាពជាងមុន។

ទន្ទឹមនឹងនេះ ថវិកានេះនឹងប្រើប្រាស់សម្រាប់ពង្រឹងសេវាការពារកុមារតាមសហគមន៍ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលបុគ្គលិកជួរមុខចំនួន ១០០នាក់ ការកែលម្អកន្លែងកុមារមេត្រី និងការលើកកម្ពស់ស្តង់ដារកិច្ចការពារកុមារក្នុងគ្រាមានគ្រោះអាសន្ន ដើម្បីធានាថាកុមារដែលរងផលប៉ះពាល់ អាចទទួលបានការការពារ និងការថែទាំទាន់ពេលវេលា។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ការគាំទ្រដ៏សប្បុរសពីសាធារណរដ្ឋកូរ៉េនេះ គឺចំពេលដ៏ចាំបាច់បំផុតសម្រាប់កុមារ និងគ្រួសារដែលបានជួបប្រទះការលំបាកយ៉ាងខ្លាំង។ តាមរយៈការវិនិយោគលើវិស័យអប់រំ ទឹកស្អាត និងអនាម័យ និងកិច្ចការពារកុមារ ជំនួយនេះនឹងជួយកុមារឲ្យទទួលបានស្ថិរភាពឡើងវិញ ត្រឡប់ទៅរៀនដោយសុវត្ថិភាព និងទទួលបានសេវាសំខាន់ ដែលពួកគេត្រូវការដើម្បីការលូតលាស់ និងការស្តារឡើងវិញ។ យើងពិតជាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសម្រាប់ភាពជាដៃគូ និងការគាំទ្រជាបន្តបន្ទាប់»។

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងយូនីសេហ្វ សង្ឃឹមថាការគាំទ្រនេះនឹងជំរុញការស្តារឡើងវិញ និងភាពធន់របស់សហគមន៍ដែលរងផលប៉ះពាល់ដោយសារជម្លោះដើម្បីឲ្យកុមារគ្រប់រូបនៅកម្ពុជាអាចរៀនសូត្រ មានសុវត្ថិភាព និងសម្រេចបានសក្តានុពលពេញលេញរបស់ពួកគេ៕

Khcct banner

អត្ថបទទាក់ទង