681 ezgif.com resize
Swift cc time

កម្លាំងចម្រុះខេត្តព្រះសីហនុ បើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងអគារកាស៊ីណូមួយកន្លែង រកឃើញមនុស្ស ៨០៥នាក់ និងដកហូតសម្ភារបច្ចេកទេសមួយចំនួនធំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ កម្លាំងចម្រុះខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០កុម្ភៈបានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងអគារកាស៊ីណូមួយកន្លែង យីហោ "ស៊ិនលិ" រកឃើញមនុស្ស ៨០៥នាក់ មាន ៧សញ្ជាតិ ហើយកម្លាំងសមត្ថកិច្ចបានដកហូតសម្ភារបច្ចេកទេសមួយចំនួនធំ រួមមាន កុំព្យូទ័រ ៦៥០គ្រឿង និងទូរស័ព្ទដៃ ១,០០០គ្រឿង។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

បើតាមអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចអគារកាស៊ីណូ ស៊ិនលិ ដែលស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដឹកនាំដោយ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ ក្នុងនោះក៏មានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តផងដែរ។

យោងតាមរបាយការណ៍បឋមពីកន្លែងកើតហេតុ ក្រុមការងារចម្រុះបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារខាងលើ ដោយទទួលបានលទ្ធផល៖ រកឃើញមនុស្សសរុប ៨០៥នាក់ ដែលមានចម្រុះជាតិសាសន៍រហូតដល់ ៧សញ្ជាតិ រួមមាន៖ ចិន, កូរ៉េ, ជប៉ុន, អាមេរិក, ហ្វីលីពីន, ប៉ាគីស្ថាន, ឥណ្ឌា និងខ្មែរ។ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារបច្ចេកទេសមួយចំនួនធំ រួមមាន កុំព្យូទ័រ ៦៥០គ្រឿង និងទូរស័ព្ទដៃ ១,០០០គ្រឿង។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះរដ្ឋបាលនេះ គឺជាការអនុវត្តតាមស្មារតីនៃអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កន្លងទៅ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រួតពិនិត្យភាពស្របច្បាប់នៃការស្នាក់នៅ និងបម្រើការងាររបស់ជនបរទេសនៅក្នុងខេត្ត។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕


Khcct banner

អត្ថបទទាក់ទង