ភ្នំពេញ៖ ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ(UNYAP) ប្រកាសជ្រើសរើសសមាជិកដែលមានវ័យចាប់ពី១៨ ដល់៣០ឆ្នាំ ដើម្បីឱ្យយុវជនមានឱកាសពិភាក្សា ស្វែងយល់អំពីទស្សនៈ និងវិស័យអាទិភាពនៅក្នុងការអភិវឌ្ឍយុវជន រួមទាំងបន្លឺសម្លេងយុវជននៅក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។
យោងតាមគេហទំព័រផ្លូវការរបស់UNYAP បេក្ខជនជនជាសមាជិកនឹងត្រូវធ្វើការយ៉ាងជិតស្និតជាមួយនិងUNYAP រយៈពេល ២ឆ្នាំដែលស្មើនឹងមួយអាណត្តិ។ ក្នុងនាមជាសមាជិកនេះ ជាឱកាសសិក្សារបស់យុវជនប្រើប្រាស់ជំនាញ និងចំណេះដឹងទៅអនុវត្តផ្ទាល់នៅក្នុងដំណើរការនៃការរៀនសូត្រ ព្រមទាំងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។មួយវិញទៀត វាជាគំរូភាពនៃភាពជាអ្នកដឹកនាំវ័យក្មេង ដែលយុវជនជាសមាជិកមានឱកាសចូលរួមសន្និសិទអន្តរជាតិ សិក្ខាសាលា និងកិច្ចប្រជុំកម្រិតតំបន់ដែលទាក់ទងនឹងបេសកកម្មរបស់អង្គការសហប្រជាជាតិ។ ពិសេស យុវជនអាចកសាងបណ្តាញជាមួយអតីតសមាជិក និងសមាជិកUNYAP ដែលមានគំនិតដូចគ្នាដើម្បីផ្លាស់ប្តូរគំនិត ចំណេះដឹង និងរៀនពីគ្នាទៅវិញទៅមក។
បើតាមប្រភពដដែល ឱកាសក្លាយជាសមាជិកនេះផ្តល់ឱ្យសម្រាប់យុវជនដែលមានអាយុចាប់ពី១៨ ដល់៣០ឆ្នាំដែលកំពុងសិក្សានិងធ្វើការនៅក្នុងទីក្រុងភ្នំពេញ។ បន្ថែមពីលើនេះ ជាយុវជនដែលមានពេលវេលាគ្រប់គ្រាន់ និងមានឆន្ទៈខ្ពស់នៅក្នុងការចូលរួមការងារសង្គម និងការស្ម័គ្រចិត្ត ព្រមទាំងបើកចិត្តរៀនសូត្រអ្វីថ្មីៗ ចេះបត់បែនតាមស្ថានការ និងចេះសហការជាក្រុម។ ជាពិសេសយុវជន ត្រូវចំណាយពេលពី ៨ទៅ១៦ម៉ោងក្នុងមួយខែដើម្បីចូលរួមប្រជុំប្រចាំខែ និងអនុវត្តសកម្មភាពនានាជាក្រុម។ បេក្ខជនអាចដាក់ពាក្យតាម តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមជម្រាបថា UNYAP ជាផ្នែកមួយនៃអង្គការសហប្រជាជាតិដែលដំណើរការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៧មក៕